សម្ព័ន្ធមិត្តយោធាណាតូ បានប្រកាសកាលពីថ្ងៃទី២០ ខែតុលា ថា ខ្លួននឹងបញ្ជូនយន្តហោះល្បាតដែនសមុទ្រ ប្រព័ន្ធរ៉ាដា និងដ្រូនបន្ថែមទៀតទៅកាន់តំបន់សមុទ្រខ្មៅ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសលើនាវាដឹកជញ្ជូនក្នុងតំបន់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តដ៏ចម្បងរបស់ណាតូ បានបើកកិច្ចពិភាក្សាអំពីសន្តិសុខនៅសមុទ្រខ្មៅ នាទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។
លោកវរសេនីយ៍ឯក Martin L. O’Donnell អ្នកនាំពាក្យយោធាណាតូមកពីកងទ័ពសហរដ្ឋអាមេរិក បានថ្លែងថា ក្រៅពីយន្តហោះ ដ្រូន និងប្រព័ន្ធរ៉ាដា សមាជិកណាតូក៏បានបញ្ជូន ឬនឹងបញ្ជូនភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំងក្រុមជំនាញដើម្បីធ្វើការវិភាគកោសល្យវិច័យលើសារធាតុផ្ទុះផងដែរ។
អ្នកនាំពាក្យជាន់ខ្ពស់អង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារតាមប្រព័ន្ធអនឡាញ ក្រោយកិច្ចប្រជុំនៃក្រុមឯកអគ្គរដ្ឋទូតសម្ព័ន្ធភាពនៅទីក្រុងព្រុស្សែលថា ណាតូ នឹងបញ្ជូនកម្លាំងនិងបរិក្ខារបន្ថែមទៅកាន់តំបន់នោះ រួមទាំងការគាំទ្រលើការឃ្លាំមើល ការឈ្លបយកការណ៍ និងផ្នែកកោសល្យវិច័យ។
លោកស្រីបានបន្ថែមថា៖ «យើងនឹងបន្តឈរប្រកៀកស្មាគ្នា និងធានាថាពួកយើងត្រៀមខ្លួនរួចជាស្រេច ព្រមទាំងមានសមត្ថភាពក្នុងការដោះស្រាយរាល់ការគំរាមកំហែងនានា ដើម្បីរក្សាសុវត្ថិភាពប្រជាជនរបស់យើងចំនួន ១ ប៊ីលាននាក់» ។
រហូតមកដល់ពេលនេះ ណាតូមិនទាន់បានទម្លាក់កំហុសនៃការវាយប្រហារនាពេលថ្មីៗនេះទៅលើប្រទេសណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគយោធាបានលើកឡើងថា រុស្ស៊ីគឺស្ទើរតែពិតប្រាកដណាស់ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ ប៉ុន្តែទីក្រុងម៉ូស្គូមិនបានទទួលស្គាល់ការទទួលខុសត្រូវនោះទេ។
គួរបញ្ចាក់ដែរថា ការកើនឡើងកម្តៅនៅសមុទ្រខ្មៅនេះ កើតឡើងចំពេលដែលរដ្ឋបាលលោក ត្រាំ កំពុងដាក់សម្ពាធយ៉ាងខ្លាំង ឱ្យមានការចរចាបញ្ចប់សង្គ្រាម។ ប្រសិតពិសេសអាមេរិក លោក Steve Witkoff ទើបតែបានបញ្ចប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅប្រទេសន័រវែស ហើយកំពុងធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង St. Petersburg ដើម្បីដាក់សំណើស្វែងរកសន្តិភាព៕


