ហ្សេលេនស្គី អះអាងថា លោក ត្រាំ អាចនាំ ពូទីន ទៅតុចរចាយ៉ាងងាយ បើដាក់សម្ពាធរុស្ស៊ី ដូចអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជឿជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីនាំមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់តុចរចា ហើយទីក្រុងវ៉ាស៊ីនតោនចាំបាច់ ត្រូវតែដាក់សម្ពាធនិងបញ្ចេញវោហោសាស្រ្តលើទីក្រុងមូស្គូ ដូចខ្លួនធ្លាប់អនុវត្ត ចំពោះទីក្រុងកៀវ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងកម្មវិធីផតខាស «The Diary of a CEO» អ្នកសម្របសម្រួល លោក Steven Bartlett បានសួរទៅ លោក ហ្សេលេនស្គី ថា តើលោកមើលឃើញពីលទ្ធភាពជាក់ស្តែងណាមួយក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនដែរឬទេ?
លោក ហ្សេលេនស្គី បានឆ្លើយថា៖ «លោក ត្រាំ អាចនាំ លោក ពូទីន ទៅកាន់តុចរចាបានយ៉ាងងាយស្រួល។ ព្រោះ របៀបដែលគាត់និយាយអមកកាន់ខ្ញុំ គាត់ក៏គួរតែនិយាយទៅកាន់លោក ពូទីន ក្នុងលក្ខណៈដូចគ្នាដែរ»។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងអំពីវិធានការដាក់ទណ្ឌកម្មរបស់សភាអាមេរិកដែលអនុម័តរួចហើយ ដោយបញ្ជាក់ថា លោក ត្រាំ មានឧបករណ៍សេដ្ឋកិច្ចដ៏មានឥទ្ធិពលក្នុងដៃ ប្រសិនបើគាត់សម្រេចចិត្តប្រើប្រាស់វា ប្រឆាំងនឹងរុស្ស៊ី។
លោក ហ្សេលេនស្គី បានអះអាងថា៖ «គាត់[លោកត្រាំ] អាចធ្វើវាបាន»។
ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ការស្ទាក់ស្ទើររបស់ លោក ត្រាំ ក្នុងការដាក់ចេញនូវវិធានការទាំងនេះ អាចបណ្តាលមកពីទំនាក់ទំនងពិសេសរវាងប្រធានាធិបតីអាមេរិក និង លោក ពូទីន។
នៅមុននេះ សមាជិកសភាតំណាងរាស្ត្រអាមេរិកចំនួន ២៣ រូប រួមមានសមាជិកមកពីគណបក្សប្រជាធិបតេយ្យ ១៦ រូប និងគណបក្សសាធារណរដ្ឋ ៧ រូប ជំរុញលោកប្រធានាធិបតី ត្រាំ ឱ្យជួយអ៊ុយក្រែនអាចប្រើប្រាស់សេវាអ៊ីនធឺណិត Starlink នៅលើទឹកដីរុស្ស៊ី ដើម្បីកំណត់ទីតាំង និងកំណត់គោលដៅលើប្រព័ន្ធបាញ់មីស៊ីលរបស់រុស្ស៊ី៕


