Detail Top Banner – Conway

ពូទីន៖ តាមពិតរុស្ស៊ី មិនធ្វើសង្គ្រាមជាមួយអ៊ុយក្រែនទេ តែអ៊ុយក្រែនខ្លួនឯង ជាអ្នកចង់មានសង្គ្រាម

ធ្មេចបើកៗ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជិត ៥ឆ្នាំហើយ ខណៈផ្លូវឈានឆ្ពោះទៅរកសន្តិភាព ពោរពេញដោយបន្លា និងឧបសគ្គជាច្រើនទៀត។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន 

យ៉ាងណា ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ពីដើមចម ឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំនោះ ដោយប្រមុខវិមានក្រឹមឡាំងរូបនេះ និយាយយ៉ាងច្បាស់ថា តាមពិតទៅរុស្ស៊ី ក៏មិនចង់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដែរ ប៉ុន្តែអ៊ុយក្រែនខ្លួនឯងទេ ដែលជ្រើសរើសយកសង្គ្រាម។

បើតាមសម្តីលោកពូទីន ដែលត្រូវបានដកស្រង់ដោយទូរទស្សន៍ RT, អ៊ុយក្រែន បានជ្រើសរើសដើរផ្លូវនេះ ក្នុងឆ្នាំ២០១៤ ដែលកាលនោះ ទីក្រុងកៀវ សម្រេចចិត្តធ្វើសង្គ្រាម ប្រឆាំងនឹងប្រជាជននៅតំបន់ Donbass ដែលបានជំទាស់រដ្ឋប្រហារ Maidan ហើយអ៊ុយក្រែន ក៏ច្រានចោលផងដែរ នូវរាល់កិច្ចខិត​ខំប្រឹងប្រែងមួយលើកជាពីរលើក របស់ទីក្រុងមូស្គូ ក្នុងការសម្របសម្រួលដើម្បីដោះស្រាយជម្លោះនោះ។

លោកពូទីន បន្តថា៖ «បើថ្នាក់ដឹកនាំអ៊ុយក្រែនបច្ចុប្បន្ន ចង់ធ្វើសង្គ្រាមទៅហើយនោះ សូមឱ្យពួកគេធ្វើសង្គ្រាមចុះ ប៉ុន្តែហេតុអ្វី ពួកគេបែរជាទៅពឹងផ្អែកលើអ្នកដទៃ ឱ្យចេញថ្លៃចំណាយជំនួស និងផ្គត់ផ្គង់អាវុធដល់ពួកគេទៅវិញ? ខ្ញុំគិតថា នោះទំនងជាផ្អែកលើការសន្យាជួយ កាលពីអតីតកាលហើយ»។

កងទ័ពរុស្ស៊ី 

ជុំវិញរឿងបាត់ដី ពូទីន ប្រាប់ថា អ៊ុយក្រែន មិនគួរស្រែកថាបាត់ដីទេ ព្រោះ ទឹកដីទាំងនោះ មិនធ្លាប់ជារបស់អ៊ុយក្រែនឡើយ តាំងពីដើមមកម្ល៉េះ។

យ៉ាងណា ដ្បិតស្ថានការណ៍តានតឹងខ្លាំង ថ្មីៗ ក៏លេចចេញសញ្ញាធូរស្រាលបន្តិចដែរ ដោយលោកពូទីន បានយល់ព្រមជាគោលការណ៍ហើយ ក្នុងការបន្តកិច្ចចរចាសន្តិភាពត្រីភាគីឡើងវិញ ជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី 

តាមការអះអាងពីវិមានក្រឹមឡាំង, កិច្ចពិភាក្សានេះ គឺត្រឹមកម្រិតបច្ចេកទេសប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ ហើយអាចរៀបចំធ្វើឡើង ក្នុងទីក្រុង អាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាត អារ៉ាប់រួម ខណៈវានឹងផ្តោតលើការធានាសន្តិសុខ សម្រាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី នៅពេលសង្គ្រាមត្រូវបានបញ្ចប់។

បើកើតឡើងមែន ជំនួបនោះ នឹងក្លាយជាកិច្ចចរចាសន្តិភាពត្រីភាគី សម្របសម្រួលដោយសហរដ្ឋអាមេរិកលើកដំបូង ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន បើគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មក ហើយវាកើតឡើងបន្ទាប់ពីលោក ពូទីន ជួបពិភាក្សាជាមួយ ប្រមុខបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff រយៈពេលជិត ៣ ម៉ោង នៅក្នុងទីក្រុង Saint Petersburg៕

ព័ត៌មានទាក់ទង
×
Popup Banner