Detail Top Banner – Conway

មេដឹក​នាំកំពូល អាមេរិក រុស្ស៊ី និង​ចិន អាច​នឹងចួប​ប្រជុំ​ត្រីភាគី​ជាប្រវត្តិសាស្ត្រ​ នៅខែនេះ​

យោង​តាមកាសែត​ Financial Times ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា លោក ដូណាល់ ត្រាំ លោក ស៊ី ជីនពីង និង​ លោក វ្ល៉ាឌីមៀ ពូទីន កំពុង​រៀបចំខ្លួន​យ៉ាងសកម្ម​ សម្រាប់កិច្ចប្រជុំ​ដែល​អាចធ្វើ​ទៅបាន អំឡុង​ពេល​អ្នក​ទាំង​បី​​ចូលរួមកិច្ច​ប្រជុំកំពូល​មួយ​ នៅប្រទេសចិន​នៅ​ចុង​ខែនេះ។

លោក​ ស៊ី និង​ លោក ត្រាំ

យោង​តាម​​ Financial Times មន្ត្រីសហរដ្ឋ​អាមេរិក ចិន និងរុស្ស៊ី បាន​ធ្វើកិច្ចពិភាក្សា​យ៉ាងម៉ត់ចត់​អំពីកិច្ចប្រជុំកំពូល​ត្រីភាគី ពេល​ប្រមុខរដ្ឋ​ ធ្វើដំណើរទៅកាន់​ទីក្រុង Shenzhen សម្រាប់​កិច្ចប្រជុំ​កំពូល APEC ស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ វាជាសន្និសីទ​លើក​ដំបូង​រវាងមេដឹកនាំ​ទាំងបី​ ដែលអាចកើតឡើង​ ស្របពេល​ លោក ត្រាំ ព្យាយាម​បន្ធូរបន្ថយទំនាក់​ទំនង​ដ៏ត្រជាក់​ជាមួយមេដឹកនាំផ្តាច់ការ ​នៅ​ទីក្រុងប៉េកាំង និងមូស្គូ។ កិច្ចប្រជុំបីផ្លូវនេះ ​នឹង​បង្កើន​ការព្រួយ​បារម្ភពី​អឺរ៉ុប ​ដល់​អាស៊ី ជុំវិញកិច្ចព្រមព្រៀងឯកជន ដែលធ្វើឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីងតោនចុះខ្សោយ។

ពេលនិយាយ​អំពីលទ្ធភាព​ ចំពោះ​​កិច្ចប្រជុំកំពូលត្រីភាគី អ្នកនាំពាក្យវិមាន​ក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន​ កាលពីថ្ងៃអង្គារ​ ថា៖ «មាន​ការយល់ឃើញរួមគ្នា​មួយ​ ក្នុងចំណោមភាគី​ដែល​នឹងចូលរួម​ក្នុងកិច្ចប្រជុំ​នេះ​ថា វា​ជារឿង​សមស្រប និងមានប្រយោជន៍​យ៉ាងខ្លាំង»។

កាល​ពីខែតុលា លោក ត្រាំ បង្ហាញថា ​ខ្លួន​បើកចំហ​ ចំពោះការពិភាក្សា​ត្រីភាគី​ស្តីពីការគ្រប់គ្រង​អាវុធ រួមជា​មួយ​ លោក ស៊ី​ និង លោក ពូទីន ដោយបន្ថែម​ថា អ្នក​ទាំង​បី​ ក៏អាច​ពិភាក្សាអំពីបញ្ហាផ្សេងទៀត ដូចជា​ពាណិជ្ជកម្ម ជាដើម។

លោក ត្រាំ ប្រាប់អ្នក​សារព័ត៌មានកាល​ពីថ្ងៃទី១៩ ខែតុលា ថា៖ «យើងនឹង​ពិភាក្សាគ្នាអំពីអាវុធ​នុយក្លេអ៊ែរ និងការ​លុបបំបាត់អាវុធ​នុយក្លេអ៊ែរ។ ​ប្រសិនបើ​ប្រធានាធិបតី ស៊ី ចង់ជួប​ពិភាក្សា នោះ​ខ្ញុំក៏នឹងចូលរួម​ដែរ»។

លោក ពូទីន​ និង​ លោក ត្រាំ

យោង​តាមវិទ្យាស្ថានស្រាវជ្រាវ​សន្តិភាពអន្តរជាតិ​ស្តុកហូម ​ប្រទេសរុស្ស៊ី​គឺ ជាប្រទេសមានក្បាល​គ្រាប់នុយក្លេអ៊ែរក្នុង​ស្តុកច្រើន​ជាងគេ​បំផុត បន្ទាប់មកគឺ​សហរដ្ឋអាមេរិក និងប្រទេសចិន។

ប្រភពមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែ​មុនថា រដ្ឋ​បាល​សេតវិមាន​ បានចំណាយពេលជាច្រើនសប្តាហ៍មកហើយ​ ក្នុងការ​ពិចារណាអំពី​លទ្ធភាព ​ជួប​ជាមួយ​​មេដឹកនាំ​ទាំងពីរ ដោយផ្តោត​លើប្រធានបទ​ លុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅ​ក្រៅកិច្ចប្រជុំកំពូល APEC​។

យោងតាមកា​សែត Wall Street Journal លោក ពូទីន បាន​ស្នើឱ្យ​ប្រើប្រាស់​កិច្ចប្រជុំបែប​នេះ ដើម្បីចរចាបញ្ចប់​ជម្លោះរយៈពេល ៤ឆ្នាំ នៅអ៊ុយក្រែន ក្នុង​លក្ខណៈមួយ​ ដែល​ផ្តល់ផលប្រយោជន៍ដល់ទីក្រុងមូស្គូ​។

ទោះ​ជាយ៉ាងណាក៏​ដោយ នៅតែមិនច្បាស់​លាស់ថា តើ​នឹងមានរបៀប​វារៈ​អ្វីខ្លះ ប្រសិនបើកិច្ច​ពិភាក្សានោះ​ពិតជាកើត​ឡើងមែន៕

ព័ត៌មានទាក់ទង
×
Popup Banner