Detail Top Banner – Conway

កម្ពុជាអរគុណហ្វីលីពីនដែលជាប្រធានអាស៊ានចំពោះការគាំទ្រដំណោះស្រាយសន្តិវិធីក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលើកឡើងពីការអរគុណរបស់កម្ពុជាចំពោះហ្វីលីពីន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២៦នេះ ដែលបានគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងរបស់លោក ប្រាក់ សុខុន បែបនេះ នៅក្នុងពេលដែលលោកទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ហ្វីលីពីនប្រចាំកម្ពុជា លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ។

លោក ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ដែលលោកចាត់ទុកថា ជាការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។​

គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសម៉ាឡេស៊ី បច្ចុប្បន្នប្រទេសហ្វីលីពីន ដែលជាប្រធានប្ដូរវេនអាស៊ាន បានយកចិត្តទុកដាក់ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងអូសបន្លាយពេលនេះ តាមរយៈការបន្តសម្របសម្រួលឱ្យមានកិច្ចសន្ទនាតាមយន្តការការទូត និងការគាំទ្រដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយជាពិសេសនោះការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីធានានូវការគោរព និងអនុវត្តបទឈប់បាញ់មួយដ៏បានពេញលេញ និងត្រឹមត្រូវ។

បន្ថែមពីការជជែកលើបញ្ហាព្រំដែនខាងលើ នៅក្នុងជំនួបដដែលនោះ លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតហ្វីលីពីន ក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ផងដែរ។ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន រួមមានកិច្ចសន្ទនានយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរ ក៏បានពិភាក្សាពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ស្របពេលទៅនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទង
×
Popup Banner