សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីរវ៉ាន់ដា
រាជធានីភ្នំពេញ ៖ នៅព្រះបរមរាជវាំង នារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជាផ្លូវរដ្ឋ ជូនឯកឧត្តម ប៉ូល កាហ្គាមេ (Paul KAGAME) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រវ៉ាន់ដា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា និងស្របពេល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ។
គួរបញ្ជាក់ថា កម្ពុជា និងរវ៉ាន់ដា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដានាពេលនេះ គឺជាឱកាសមួយ ដើម្បីពង្រឹងមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅ និងប្រែក្លាយកិច្ចសហប្រតិបត្តិការការទូតទៅជាលទ្ធផលជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងសង្គម ។
លើសពីនេះ ដំណើរទស្សនកិច្ចនេះក៏មានសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាហ្វ្រិក តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរបទពិសោធន៍អភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ៕



