Detail Top Banner – Conway

លោក ម៉ាក្រុង អំពាវនាវឱ្យបន្តស៊ើបអង្កេតករណីឃាតកម្មលើលោក លឹម គិមយ៉ា នៅទីក្រុងបាងកក

ភ្នំពេញ: ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបន្តការស៊ើបអង្កេតករណីឃាតកម្មលើលោក លឹម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកក។

ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក ម៉ាក្រុង បានថ្លែងថា អ្នកទទួលខុសត្រូវចំពោះឃាតកម្មនេះត្រូវតែនាំខ្លួនមកកាត់ទោស។

លោក ម៉ាក្រុង បានលើកឡើងពីសំណុំរឿងនេះ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ ជាទីដែលលោកបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ការអំពាវនាវនេះធ្វើឡើងជាងមួយឆ្នាំក្រោយពីតុលាការថៃបានផ្តន្ទាទោសខ្មាន់កាំភ្លើងឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សវនាការនោះមិនបានកំណត់ថា អ្នកណាជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លឹម គិមយ៉ា ឡើយ។

យោងតាមការបកប្រែជាភាសាខ្មែរនៅក្នុងសន្និសីទសារព័ត៌មាន លោក ម៉ាក្រុង បានថ្លែងថា៖ «យើងចង់ឱ្យមានការស៊ើបអង្កេត ដើម្បីបំភ្លឺអង្គហេតុ និងនាំអ្នកទទួលខុសត្រូវចំពោះការសម្លាប់លោក លឹម គិមយ៉ា នៅប្រទេសថៃ មកកាត់ទោសតាមច្បាប់»។

លោក លឹម គិមយ៉ា មានអាយុ ៧៤ ឆ្នាំ និងមានសញ្ជាតិខ្មែរ និងបារាំង។ លោកធ្លាប់ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយក្នុងឆ្នាំ២០១៧។

លោកត្រូវបានបាញ់សម្លាប់នៅក្បែរផ្លូវខៅសាន (Khaosan Road) ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានធ្វើដំណើរពីកម្ពុជាទៅដល់ប្រទេសថៃ។

នៅថ្ងៃបន្ទាប់ នគរបាលកម្ពុជាបានចាប់ខ្លួនខ្មាន់កាំភ្លើងឈ្មោះ Ekkalak Paenoi ជាអតីតទាហានម៉ារីនថៃ នៅខេត្តបាត់ដំបង។ កាលពីខែតុលា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ជនជាប់ចោទរូបនេះមានពិរុទ្ធពីបទឃាតកម្មគិតទុកជាមុន។

តុលាការបានសម្រេចផ្តន្ទាទោសប្រហារជីវិត ប៉ុន្តែបានបន្ថយមកត្រឹមទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយសារជនជាប់ចោទបានសារភាព។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តុលាការបានសម្រេចលើកលែងការចោទប្រកាន់លើជនជាប់ចោទទីពីរ ដែលត្រូវបានចោទថាបានបើករថយន្តដឹក Ekkalak ទៅកាន់ព្រំដែនកម្ពុជា ក្រោយការបាញ់ប្រហារ។ តុលាការបានលើកហេតុផលថា ភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ជនជាប់ចោទរូបនេះបានដឹងអំពីបទល្មើស។

លោក ម៉ាក្រុង បានលើកឡើងពីករណីឃាតកម្មនេះ ពេលថ្លែងអំពីកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកម្ពុជា និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩។

លោកបានឱ្យដឹងថា លោក និងលោក ហ៊ុន ម៉ាណែត ក៏បានពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សផងដែរ។

ក្នុងសុន្ទរកថាមុនលោក ម៉ាក្រុង លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមអនឡាញ។

ព័ត៌មានទាក់ទង
×
Popup Banner