Detail Top Banner – Conway

លទ្ធផលពី FrancoTech៖ កម្ពុជាសម្រេចបានកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងប្រមាណ ២០ ជំរុញ​វិស័យ​​​បច្ចេកវិទ្យាឌីជីថល

កម្ពុជាសម្រេចបាន​កិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងជាច្រើន​ជាមួយដៃគូអន្តរជាតិ ដើម្បី​ជំរុញ​ការវិនិយោគ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យឌីជីថលក្នុងប្រទេស តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍ FrancoTech រយៈពេល ៣ ថ្ងៃ ដែលជាព្រឹត្តិការណ៍​អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​​ថ្ងៃបញ្ចប់​នា​រសៀលនេះ​​​ថា ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាបានចុះហត្ថលេខា និងផ្លាស់ប្តូរ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU) ព្រមទាំងកិច្ចព្រមព្រៀងនានាសរុបប្រមាណ ២០ តាមរយៈ​ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតភាពជាដៃគូ និងទាក់ទាញកា​រវិនិយោគ​លើវិស័យ​បច្ចេកវិទ្យា។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងចំណោមកិច្ចសហប្រតិបត្តិការសំខាន់ៗទាំងនោះ មានការសហការជាមួយទីភ្នាក់ងារ​បារាំងសម្រាប់​ការអភិវឌ្ឍ (AFD) ក្នុងគោលបំណងបង្កើត​មជ្ឈមណ្ឌលស្រាវជ្រាវ​ជាតិផ្នែក​បញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ។

ជាមួយគ្នានេះ ក៏មានកិច្ចសហការជាមួយសមាគមបច្ចេកវិទ្យាបារាំង La French Tech ដែលបាននាំ​ក្រុមហ៊ុន​ប្រមាណ ៧០ ទៅ ៨០ មកចូលរួម ដើម្បីពង្រឹងទំនាក់ទំនង និងតភ្ជាប់ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ហ្វ្រង់កូហ្វូនី។

ដោយឡែក លើវិស័យអប់រំ និងស្រាវជ្រាវ ក៏មានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និង​បណ្ឌិត្យសភាប​ច្ចេកវិទ្យាកម្ពុជា ជាមួយសាកលវិទ្យាល័យនានាមកពីប្រទេសបារាំង កាណាដា និងបណ្តា​ប្រទេសក្នុងតំបន់អាហ្វ្រិក។ ចំណែកកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានចុះអនុស្សរណៈ​នៃការយោគយល់​គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើប្រព័ន្ធបច្ចេកវិទ្យាលំហអាកាសផងដែរ។

ការរៀបចំ FrancoTech នៅកម្ពុជាគឺជាលើកទី១ ដែល​ព្រឹត្តិការណ៍​នេះ​បានមក​ដល់តំបន់អាស៊ីអាគ្នេយ៍ និងជាលើកទី២ ក្នុងសហគមន៍ហ្វ្រង់កូហ្វូនី​ទាំង​មូល បន្ទាប់ពីការរៀបចំលើកដំបូងនៅប្រទេសបារាំង។

ក្រៅពីការចុះកិច្ចព្រមព្រៀង កម្ពុជាក៏បានប្រកាសដាក់ចេញនូវចក្ខុវិស័យឆ្នាំ ២០៣០ ដើម្បីជំរុញការ​អភិវឌ្ឍ​ក្រុមហ៊ុន Startup ឱ្យទទួលបានការវិនិយោគកាន់តែច្រើន ពង្រីកប្រតិបត្តិការ​ទៅកាន់ទីផ្សារ​ក្នុង​តំបន់ និងបង្កើតឱកាសឱ្យក្រុមហ៊ុនក្នុងស្រុកអាចរីកចម្រើនរហូតក្លាយជាក្រុមហ៊ុន Unicorn ដែល​មានតម្លៃទីផ្សាររាប់ពាន់លានដុល្លារនាពេលអនាគត។

បើតាមលោក សូ វិសុទ្ធី នៅក្នុង​រយៈពេល ៣ ថ្ងៃ សម្រាប់​ដំណើរការ​ព្រឹត្តិការណ៍អម FrancoTech មានអ្នកចុះឈ្មោះ​ចូលរួម​សរុប​ជាង ៣ ម៉ឺននាក់ មកពីជាង ១០០ ប្រទេសជុំវិញពិភពលោក។ អ្នកចូលរួមមានទាំង​សាធារណ​ជន សិស្ស និស្សិត និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដែលបានមកស្វែងយល់អំពីនវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបៗ។

ក្រុមហ៊ុនបច្ចេកវិទ្យាសរុបចំនួន ៣១៦ ក្រុមហ៊ុន បានចូលរួមតាំងបង្ហាញ​ផលិតផល និងស្នាដៃនវានុវត្តន៍របស់ខ្លួន ខណៈវេទិកាពិភាក្សាក៏មានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋមន្ត្រី និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប។

ក្នុង​ពិធីបើក​ ក៏មានវត្តមាន​ពីថ្នាក់ដឹកនាំកំពូល​នៃបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ព្រមទាំងប្រធានាធិបតីប៊ុលហ្គារី និងរ៉ូម៉ានី៕

ព័ត៌មានទាក់ទង
×
Popup Banner