អានុទីន ប្រាប់អាស៊ាន ថា ថៃ ចង់ស្តារទំនាក់ទំនងជាមួយកម្ពុជា ទាំងដែលខ្លួនឯងជាអ្នកបំផ្លាញធម្មនុញ្ញអាស៊ាន
ក្នុងកិច្ចប្រជុំចង្អៀត នៃជំនួបកំពូលអាស៊ាន លើកទី ៤៩ ប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ អានុទីន បានយកវេទិកានោះ ដើម្បីបង្ហាញពីបំណង ចង់ស្តារទំនាក់ទំនងជាមួយកម្ពុជា ឡើងវិញ ទាំងដែលខ្លួនឯងនោះ បានបំផ្លាញធម្មនុញ្ញអាស៊ានរួចទៅហើយ ក្នុងពេលបើកការឈ្លានពានកម្ពុជា កាលពីឆ្នាំ២០២៥។

សារព័ត៌មាន Khaosod បានដកស្រង់សម្តីអានុទីន ដែលនិយាយថា ថៃ តាំងចិត្តខ្ពស់ ក្នុងការបើកទំព័រថ្មី នៃទំនាក់ទំនងជាមួយកម្ពុជា ហើយសង្ឃឹមថា ទីក្រុងភ្នំពេញ នឹងឆ្លើយតបមកដោយផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ។ ថៃនឹងបន្តអនុវត្តវិធានការ កសាងទំនុកចិត្ត ដើម្បីជួយស្តារសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរឡើងវិញ។
ទន្ទឹមនោះ អានុទីន បានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចពិភាក្សាត្រីភាគីនៅទីក្រុងសេប៊ូ (Cebu)។
យ៉ាងណា សម្តីរបស់អានុទីន គឺផ្ទុយស្រឡះពីទង្វើរបស់ខ្លួន ព្រោះតែថៃនេះឯង ជាអ្នករំលោភធម្មនុញ្ញអាស៊ាន ដូច្នេះមិនគួរយកវេទិកាអាស៊ាន មកលាងខ្លួនឡើយ។

ការឈ្លានពាន និងសកម្មភាពយោធារបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា មិនត្រឹមរំលោភ លើ ធម្មនុញ្ញអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាន សន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀត ផងដែរ។
ជាក់ស្តែង ការបញ្ជូនកងទ័ព, យន្តហោះចម្បាំង F-16, អាវុធធុនធ្ងន់ និងការវាយប្រហារចូលជ្រៅទៅក្នុងដែនដីកម្ពុជា គឺផ្ទុយនឹងគោលការណ៍ស្នូល នៃការគោរពព្រំដែន និងបូរណភាពទឹកដីគ្នាទៅវិញទៅមក បាត់ទៅហើយ។

មិនត្រឹមប៉ុណ្ណឹង ការប្រើប្រាស់កម្លាំងយោធាដើម្បីគំរាមកំហែង និងផ្លាស់ប្តូរស្ថានភាពនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានចាត់ទុកជាការឈ្លានពាន និងរំលោភលើសិទ្ធិអំណាច អធិបតេយ្យរបស់រដ្ឋសមាជិក ផងដែរ។
ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ តម្រូវឱ្យសមាជិកដោះស្រាយវិវាទដោយសន្តិវិធី ប៉ុន្តែភាគីថៃ បែរជាប្រើប្រាស់កងទ័ព និងការវាយប្រហារប្រដាប់អាវុធ ជំនួសឱ្យការចរចា ទៅវិញ។
លើសពីនេះ ថៃ បានបំពានលើបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដូចជាកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ ជាសាក្សីផ្ទាល់ និងការរំលោភលើអនុស្សរណៈយោគយល់គ្នា (MOU) ផ្សេងៗ ទៀត៕


