Detail Top Banner – Conway

Eisenkot ថា ណេតាន់​យ៉ាហ៊ូ មិនអាច​បន្ត​កាន់តំណែង​ជានាយករដ្ឋមន្ត្រី​ ​សូម្បី​ ១​នាទី​​ ក្រោយ​រង​ការ​ចោទប្រកាន់​ពីការជ្រៀតជ្រែក​ការ​​បោះឆ្នោត​

ស្ថាន​ភាព​នយោបាយ​នៅ​អ៊ីស្រាអែល​ កាន់​តែ​មាន​ភាព​តាន​តឹង​ ដោយ មេ​ដឹក​នាំ​បក្សប្រឆាំង​អ៊ីស្រាអែល លោក Gadi Eisenkot បាន​ថ្លែង​ថា ​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ លោក បេនចាមីន ណេតាន់​យ៉ាហ៊ូ មិន​អាចបន្ត​កាន់​តំណែង​ដឹក​នាំរដ្ឋាភិបាលបាន​ទៀតឡើយ សូម្បី​តែមួយនាទីក៏មិន​បានដែរ ខណៈមាន​សេចក្តីរាយ​ការណ៍ចោទ​ប្រកាន់​ ការិយាល័យ​របស់​ លោក ណេតាន់​យ៉ាហ៊ូ​ បាន​លូកដៃ​ជ្រៀតជ្រែក​ក្នុងដំណើរការ​បោះ​ឆ្នោត។ នេះបើយោង​តាម​សារព័ត៌មាន AFP និង Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ។

មេ​ដឹក​នាំ​បក្សប្រឆាំង​អ៊ីស្រាអែល លោក Gadi Eisenkot 

លោក Eisenkot ជា​បេក្ខ​ជន​ ​ត្រូវបាន​ចាត់តាំងឱ្យរៀប​ចំបង្កើតរដ្ឋាភិបាលថ្មី​របស់អ៊ីស្រាអែល បាន​ធ្វើការរិះគន់ យ៉ាងចាស់​ដៃទៅលើគូប្រជែងរបស់​លោក​ កាលពីថ្ងៃអាទិត្យ គឺត្រឹមតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​តំណាងរបស់បុគ្គល​ទាំងពីរបាន​ជួបពិភាក្សាគ្នា​អំពីលទ្ធភាពនៃការបង្កើត​រដ្ឋាភិបាលរួបរួម​ជាតិ​។​

លោក Eisenkot សរសេរលើបណ្តាញ​សង្គម X ថា​៖ «ឥរិយាបថរបស់​នាយករដ្ឋមន្ត្រី ដែល​កំពុងត្រៀមចាក​ចេញពីតំណែង គឺ លោក ណេតាន់​យ៉ាហ៊ូ និង​ក្រុមមនុស្ស​ជំនិតរបស់​លោក បាន​បង្កជាការគំរាម​កំហែងយ៉ាង​ពិតប្រាកដ ផ្ទាល់ និង​បន្ទាន់មួយ ដល់​លទ្ធិប្រជាធិបតេយ្យរបស់​អ៊ីស្រាអែល»។

កាលពីថ្ងៃ​អាទិត្យ ទូរទស្សន៍អ៊ីស្រាអែល Channel 12 បាន​ចុះផ្សាយ​ដោយចោទ​ប្រកាន់ថា ប្រធាន​ខុទ្ទកាល័យ​របស់លោក ណេតាន់​យ៉ាហ៊ូ គឺ លោក Ido Norden ​ដោយ​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ការិយាល័យ​ស្នងការនគរបាល ប្រឆាំងនឹង​សមាជិកនៃគណ​បក្ស United Arab List (Ra’am) នៅ​មុនថ្ងៃបោះឆ្នោត​របស់អ៊ីស្រាអែល បាន​ប្រព្រឹត្តទៅ​កាល​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២៦​។

កាល​ពីថ្ងៃ​សុក្រ លោក Eisenkot បាន​ចោទប្រកាន់លោក ណេតាន់​យ៉ាហ៊ូ ថា ជំ​​រុញយុទ្ធនាការ​មួយដែលប្រកាន់​ពូជសាសន៍ និងប្រើអំពើ​ហិង្សា ប្រឆាំង​នឹង​ពលរដ្ឋប៉ាឡេស្ទីន​ ក្នុងប្រទេស​អ៊ីស្រាអែល អំឡុង​ពេលការបោះឆ្នោត ដើម្បី​រក្សាអំណាច​របស់ខ្លួន។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក Eisenkot​ 

កាលពីថ្ងៃ​សៅរ៍ លោក ណេតាន់យ៉ាហ៊ូ​ បានស្នើទៅកាន់លោក Eisenkot​ ជា​ថ្មី​ ឱ្យបង្កើត​រដ្ឋាភិបាលរួបរួម​ជាតិ ប៉ុន្តែមេដឹកនាំបក្ស​ប្រឆាំងបានចាត់ទុក​សំណើនេះ​ថា​ គ្រាន់តែជាល្បិចបោក​បញ្ឆោតប៉ុណ្ណោះ​។

ទោះជាយ៉ាង​ណាក៏​ដោយ លោក Eisenkot​ បញ្ជាក់ ដោយ​មានការ​ពិភាក្សារវាង​គណបក្ស Yashar របស់លោក​ និង​គណបក្ស Likud អំពី​សំណើបង្កើត​រដ្ឋាភិបាលចម្រុះ។

ទាំងក្រុម​របស់​ លោក ណេតាន់យ៉ាហ៊ូ និងក្រុមរបស់​ លោក Eisenkot​  សុទ្ធ​តែមិនទាន់ទទួល​បាន​អាសនៈចំនួន ៦១ ដែល​តម្រូវឱ្យ​បង្កើត​រដ្ឋា​ភិបាល​ នៅឡើយ​ទេ​៕

ព័ត៌មានទាក់ទង
×
Popup Banner