Detail Top Banner – Conway

បារីជាង១០០០សុង ដែលឈ្មួញបម្រុងលួចនាំឆ្លងដែនទៅថៃ ត្រូវកម្លាំងចម្រុះស្រុកម៉ាឡៃ ស្ទាក់ចាប់បានទាំងយប់

កម្លាំងនគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ បានចុះទប់ស្កាត់ និងបង្ក្រាបករណីបម្រុងលួចនាំបារីចំនួន ២៦ការ៉ុង (ស្មើនឹង ១៣០០សុង) ឆ្លងដែនដោយខុសច្បាប់ចេញទៅប្រទេសថៃ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៨:២០ នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ រួមជាមួយកម្លាំងចម្រុះក្នុងស្រុកម៉ាឡៃ។

ការចុះបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥។ តាមការសន្និដ្ឋានជំហានដំបូង បារីទាំង ២៦ ការ៉ុង (ស្មើនឹង ២៦ ប៊ិច ឬ ១,៣០០ សុង) ខាងលើនេះ ត្រូវបានក្រុមឈ្មួញបម្រុងលួចនាំឆ្លងដែនទៅកាន់ប្រទេសថៃដោយខុសច្បាប់។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner