Detail Top Banner – Conway

បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ២៦ នាក់ ដកហូតកុំព្យូទ័រ-ទូរសព្ទ រាប់រយគ្រឿង

កាលពីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះ ចុះស្រាវជ្រាវ និង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង ដោយឃាត់ខ្លួនជនសង្ស័យ ២៦ នាក់ ព្រមទាំងដកហូតកុំព្យូទ័រ-ទូរសព្ទ រាប់រយគ្រឿង ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមរយៈការចុះឆែកឆេរ និង ត្រួតពិនិត្យជាក់ស្តែងនៅលើទីតាំងសង្ស័យទាំង ៧ ល្វែង សមត្ថកិច្ចរកឃើញវត្ថុតាង និង ជនបរទេសពាក់ព័ន្ធ រួមមាន ៖ ទីតាំងទី ១ ៖ ផ្ទះលេខ A-3 (យីហោ ម្ហូបស្រុកកំណើតហឺណាន អានហួយ) រកឃើញជនជាតិឥណ្ឌូណេស៊ី ១១ នាក់ (ស្រី ៤ នាក់ មានលិខិតឆ្លងដែន) និង ជនជាតិខ្មែរ ១ នាក់ (ស្រី) ព្រមទាំងកុំព្យូទ័រ All-in-One ៩ គ្រឿង , ទូរសព្ទចម្រុះ ១១ គ្រឿង និង ទូរសព្ទផ្ទាល់ខ្លួន ១៩ គ្រឿង។ ទីតាំងទី ២ ៖ យីហោ ហាងលក់ទា មាន់ ក្ងាន និង គ្រឿងសមុទ្រ រកឃើញកុំព្យូទ័រ All-in-One ៥ គ្រឿង និង ទូរសព្ទចម្រុះ ៣១ គ្រឿង។ ទីតាំងទី ៣ ៖ ផ្ទះលេខ B-17 រកឃើញកុំព្យូទ័រ All-in-One ១៣ គ្រឿង , ទូរសព្ទចម្រុះ ២២ គ្រឿង , ម៉ូនីទ័រ ២ គ្រឿង , ធុង CPU ២ គ្រឿង និង លិខិតឆ្លងដែន ២ ក្បាល។ ទីតាំងទី ៤ ៖ ផ្ទះលេខ B-18 (យីហោ ក្លឹបប៊ីយ៉ាដែកភ្លើង) រកឃើញកុំព្យូទ័រ All-in-One ២១ គ្រឿង និង ទូរសព្ទចម្រុះ ៥ គ្រឿង។ ទីតាំងទី ៥ ៖ ផ្ទះលេខ C-3 រកឃើញកុំព្យូទ័រ All-in-One ៧ គ្រឿង , ទូរសព្ទចម្រុះ ១៩ គ្រឿង និង លិខិតឆ្លងដែន ១ ក្បាល។ ទីតាំងទី ៦ ៖ ផ្ទះលេខ A-13 រកឃើញជនជាតិវៀតណាម ១៤ នាក់ (ស្រី ៤ នាក់ មានលិខិតឆ្លងដែន ៥ នាក់) , កុំព្យូទ័រ All-in-One ២៤ គ្រឿង និង ទូរសព្ទផ្ទាល់ខ្លួន ៧ គ្រឿង។ ទីតាំងទី ៧ ៖ ផ្ទះលេខ A-11 យីហោ ក្រុមហ៊ុនដឹកជញ្ជូន ស៊ុនហុងតា (SHUNFENGDA EXPRESS) សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ១ នាក់ ឈ្មោះ ZHANG JINYU ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលពួនលាក់ខ្លួនក្នុងរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CL-9369។ ក្រោយការឆែកឆេរក្នុងរថយន្ត និង ទីតាំងផ្ទះ រកឃើញលិខិតឆ្លងដែន ២ ក្បាល , កុំព្យូទ័រ All-in-One ២ គ្រឿង , ធុង CPU ២ គ្រឿង , ម៉ូនីទ័រ ១ គ្រឿង , ទូរសព្ទផ្ទាល់ខ្លួន ១ គ្រឿង , ថេប្លែត ១ គ្រឿង និង កូនសោអគារ C-3 ចំនួន ២។

ក្រោយពីត្រួតពិនិត្យយ៉ាងហ្មត់ចត់លើសម្ភារៈ និង គ្រឿងអេឡិចត្រូនិកទាំងនោះ ក្រុមការងាររកឃើញមានតម្រុយយ៉ាងច្បាស់លាស់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ហេតុនេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្សសរុបចំនួន ២៦ នាក់ (ស្រី ៩ នាក់) រួមទាំងវត្ថុតាងជាគ្រឿងអេឡិចត្រូនិកទាំងអស់ ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ និង សម្រេចបិទទីតាំងផ្ទះល្វែងទាំង ៧ ខាងលើ ជាបណ្តោះអាសន្នផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner