Detail Top Banner – Conway

កម្លាំងនគរបាលខេត្តបាត់ដំបង បង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតម៉ាទឹកកក (ICE)​ ជាង ១៥គីឡូ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់

(បាត់ដំបង)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង ១៥គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង​។

ប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ១៥ដុំធំ ទម្ងន់សរុប ១៥គីឡូ និង៦៣៨,៧៧ក្រាម (ថ្លឹងទាំងសំបក) ព្រមទាំងការ៉ុង និងទូរស័ព្ទដៃមួយគ្រឿង។

ជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕

 

ព័ត៌មានទាក់ទង
×
Popup Banner