Detail Top Banner – Conway

ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក ពាក់ព័ន្ធ​នឹង​រឿង​ទិទាន​ព្រះពុទ្ធ ដែល​ធ្លាប់​កើតជា​ទន្សាយ

ពិធី​សំពះ​ព្រះ​ខែ និងអកអំបុក ត្រូវបានរ​ប្រារព្ធ​ឡើង​ក្នុងអំឡុង​បុណ្យអុំទូក​។ ប៉ុន្តែពិធី​ សំពះ​ព្រះ​ខែ និងអកអំបុក ប្រារព្ធ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺនៅ​ពាក់​កណ្តាលរាត្រី​នៃ​ថ្ងៃ​១៥​​កើត ពេញបូណ៌មី​។​

ឆ្នាំ២០២៦នេះ ពិធីបុណ្យ​អុំទូក មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​២៣ ដល់​ថ្ងៃ២៥ ខែវិច្ឆិកា ដែល​ត្រូវ​​នឹង​ថ្ងៃទី​១៤​ និង​១៥​កើត ដល់​ថ្ងៃ​១​រោច ខែកត្តិក​។ ឈានដល់​ថ្ងៃទី​២៤ ​ខែវិច្ឆិកា នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធីសំពះ​ព្រះ​ខែ និង​អកអំបុក ​។​

​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក គឺជា​ប្រពៃណី​មួយ​របស់​ខ្មែរ ដែល​ផ្សារភ្ជាប់​ទៅនឹង​ពិធី​ពី​បុណ្យ​​អុំទូក​។ ពិធីសំពះ​ព្រះ​ខែ និង​អកអំបុក ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើឡើង ដើម្បី​រំឭកដល់​ព្រះ​ពោធិសត្វ ដែល​ធ្លាប់​យោង​យកកំណើត​ជា​សត្វ​ទន្សាយ​។ ទន្សាយ ដែលជា​តួ​អង្គ​ព្រះ​ពោធិសត្វ  ប៉ង​នឹង​លះបង់​អាយុសង្ខារ ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។​

​បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ យល់ថា ព្រះសម្មាសម្ពុទ្ធ ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​មិនទាន់​ក្លាយជា​ព្រះពុទ្ធ​)​។ រឿងនិទាន​នោះ បាន​ដំណាល​ថា គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​សត្វ​ទន្សាយ​។

​នៅ​ចំពោះមុខ​សត្វ​ទន្សាយ តា​ព្រាហ្មណ៍​នោះ បាន​ពោល​ពាក្យ​ឡើង​ថា​៖«​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ ដែលជា​តួអង្គ​ព្រះ​ពោធិសត្វ បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖«​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ​។ បើ​អ្នក​ចង់បាន ចូរ​អ្នករក​ឧស​មក​បង្កាត់ភ្លើង​ទៅ​ចុះ​។ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។​

​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លែត​តែម្តង​ដោយ​មិន​បង្អង់​យូរ​នោះទេ​។ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ​។

​លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។

​យ៉ាងណាក៏ដោយ បើ​ផ្អែក​តាម​វិទ្យាសាស្ត្រ រូបនោះ គឺជា​រណ្តៅ​និង​ក្រហូង​ផ្សេងៗ នៅលើ​ភព​ព្រះ​ចន្ទ ដោយ​គ្រាន់តែ​មើលទៅ​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​ទន្សាយ​ប៉ុណ្ណោះ​។​

​រឿងរ៉ាវ ដែល​ទាក់ទង​នឹង​ព្រះ​ពោធិសត្វ​ដូច្នេះហើយ ជាហេតុ​នាំ​ឲ្យ​អ្នកស្រុក តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម​៕

​ប្រភព​៖ គេហទំព័រ​ទ្រឹស្តី​ពុទ្ធចក្រ

ព័ត៌មានទាក់ទង
×
Popup Banner