ពូទីន ព្រមានថា រុស្ស៊ី នឹងសងសឹក ដោយចៀសមិនផុត ចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេង
ការវាយប្រហារសងសឹកគ្នាលើរោងចក្រចម្រាញ់ប្រេង នៅតែបន្តកើតមាន ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការឆ្លើយតបផ្នែកយោធារបស់ទីក្រុងមូស្គូ ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី គឺជៀសមិនរួច ដោយចោទប្រកាន់ទីក្រុងកៀវ បន្តវាយប្រហារ ទោះបីជាមានការអំពាវនាវដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបញ្ឈប់យុទ្ធនាការនេះក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន TRT World ផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ថ្លែងនៅទីក្រុងមូស្គូ អំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិស័យប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី លោក ពូទីន សង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់អ៊ុយក្រែនប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងមិនត្រូវបានឆ្លើយតបឡើយ។
លោក ពូទីន បន្ត៖ «របបកៀវ មិនឈប់វាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់យើងទេ ទោះបីជាមានការអំពាវនាវ និងសំណើដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យចៀសវាងការវាយប្រហារទាំងនេះក៏ដោយ។ ហេតុដូច្នេះហើយ ខ្ញុំសូមបញ្ជាក់ថា សកម្មភាពឆ្លើយតបពីភាគីយើង គឺជៀសមិនរួចឡើយ។ គ្រប់គ្នគួរតែដឹងពីរឿងនេះ»។
ប្រធានាធិបបតីរូបនេះ លើកឡើងពីការបង្កើនភាពតានតឹងឆ្លងព្រំដែន ផ្តួចផ្តើមឡើងដោយកងកម្លាំងអ៊ុយក្រែន កាលពីដើមខែមិថុនា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យអូសបន្លាយរយៈពេល ៤០ថ្ងៃ ប៉ុន្តែលោកសង្កត់ធ្ងន់ថា វានឹងបរាជ័យក្នុងការបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោកជំរុញឱ្យអាជ្ញាធរ និងប្រតិបត្តិករក្នុងវិស័យថាមពល ចាត់វិធានការបន្ថែម ដើម្បីពង្រឹងសន្តិសុខនៅតាមរោងចក្រចម្រាញ់ប្រេង និងការពារបុគ្គលិកបម្រើការ នៅទីនោះ។

ពាក់ព័ន្ធនឹងទីផ្សារប្រេងឥន្ធនៈក្នុងស្រុក លោក ពូទីន អះអាងថា ការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់ និងវិស័យឧស្សាហកម្ម នៅតែមានស្ថិរភាព ទោះបីជាមានតម្រូវការកើនឡើងតាមរដូវកាល សម្រាប់វិស័យកសិកម្មក៏ដោយ។ រដ្ឋាភិបាលបានបង្កើនទិន្នផល ពង្រីកទុនបម្រុងយុទ្ធសាស្ត្រ រៀបចំប្រព័ន្ធដឹកជញ្ជូនឡើងវិញ ព្រមទាំងដាក់កម្រិតលើការនាំចេញប្រេងសាំង ប្រេងឥន្ធនៈសម្រាប់យន្តហោះ និងប្រេងម៉ាស៊ូត៕


