ដោយ ពិន សំខុន
តាមការនិមន្តរបស់សមាជិករបស់‹សាខាយុវជនគណបក្សសង្គ្រោះជាតិនៅឡូវែល› ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជានាយកប្រតិបត្តរបស់‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព›› បាននិមន្តមកទទួលការប្រគេនចង្ហាន់ នឹងទេសនាជូនប្រជាពលរដ្ឋប្រមាណ៤០០រយនាក់ នៅសាល‹សានីដា›ឡូវែល នាព្រឹកថ្ងៃអាទិត្យទី១១កញ្ញា។ តាមទំហ៊ំនៃការការចូលរួម គឺជាការទទួលបដិសណ្ឋារកិច្ចដ៏សំខាន់មួយ ពីប្រជាពលរដ្ឋ ដែលចង់ដឹងសុខទុក្ខពីព្រះសង្ឃដែលកំពុងល្បីថា‹យកចិត្តទុកដាក់ពីស្ថានភាពទ្រុឌទ្រោមនៃកម្ពុជា› ហើយប្រឈមមុខនឹងឧប្បស័ក្គប្រកបដោយគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដើម្បីកាពារប្រទេសនឹងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
ដើម្បីណែនាំឱ្យបានស្គាល់ព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យកាន់តែច្បាស់ជូនលោកអ្នកអាន យើងបានធ្វើបទសម្ភាសន៍មួយនៅឡូវែល ដែលមានសេចក្តីដូចតទៅ៖
ខ្មែរផុសសរអាៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ, ខ្ញុំព្រះករុណាសូមព្រះអង្គរៀបរាប់អំពីប្រវត្តិរបស់អង្គការព្រះសង្ឃរបស់ព្រះអង្គបានទេ?
ព្រះអង្គប៊ុនតេងៈអាត្មាភាពដើមឡើយនៅក្នុងបណ្តាញព្រះសង្ឃឯករាជ្យ ហើយ៣ឆ្នាំចុងក្រោយនេះបានបង្កើត‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព››ដែលនៅស្រុកខ្មែរ ពេលដំបូង នៅថ្ងៃទី៨ខែ៨ឆ្នាំ២០១៣ មានសមាជិក៥អង្គ បន្តិចក្រោយមកក៏កើនចំនួនយ៉ាងលឿន ឥឡូវនេះមានសមាជិក៧,០០០អង្គហើយ
ខ្មែរផុសសរអាៈ ព្រះអង្គបានបង្ហាញសកម្មភាពកាពារជាតិជាច្រើន ដែលច្រើនតែប្រកបដោយគ្រោះថ្នាក់ តើមានព្រះសង្ឃប៉ុន្មានអង្គហើយដែលទទួលរងរបួស ហើយមានប៉ុន្មានអង្គទៀតរងគ្រោះដល់សុគត?
ព្រះអង្គប៊ុនតេងៈ យើងបានផ្ជាប់សកម្មភាពជាមួយចលនាប្រជាធិបតេយ្យ នៅទីលានប្រជាធិបតេយ្យ ជាមួយអង្គការសិទ្ធមនុស្ស ដឹកនាំមុខដោយគណបក្សសង្គ្រោះជាតិ… ចាប់ពិឆ្នាំ២០១៣មក មិនមានព្រះសង្ឃក្នុងចលនាយើងសុគតទេ តែមានរបូសស្រាលនឹងធ្ងន់ជាច្រើន ដូចជាព្រះសង្ឃ យិម ចំរើន នៅវត្តសន្សំកុសល បានវាយសាមណេរ៣អង្គ កាលពីឆ្នាំ២០១៣ បណ្តាលឱ្យរងគ្រោះបែកមុខបែកមាត់, បណ្តាញព្រះសង្ឃឯករាជ្យបានធ្វើការតវ៉ារកយុត្តិធម៌ រហូតដល់ព្រះអង្គ យិម ចំរើន ទទួលសុំទោសស្គាល់កំហុសជាសាធារណ, ឆ្នាំ២០១៤ ព្រះសង្ឃព្រះនាម ឃឹម សំអឿន បានសម្តែងធម៌ទេសនានៅទីលានប្រជាធិបតេយ្យ ពីសម្តេច ហ៊ុន សែន ដែលបាននិយាយថា‹តើខ្ញុំខុសអ្វី?› ព្រះអង្គបានទទួលការដកដំណែងពីចៅអធិការនៅបាត្តំបង ចាប់ដាក់គុក គម្រាមកំហែងបំបាក់ស្មារតីលែងឱ្យព្រះអង្គរស់នៅស្រួលរហូតដល់សព្វថ្ងៃ, រឿងមួយទៀតព្រះសង្ឃព្រះនាម កែវ សុមាលី គង់នៅវត្តនាគវ័ន្ត ធ្លាប់ជាអ្នកគ្រប់គ្រងបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវគេហ៊ុំព័ទ្ធមិនឱ្យធ្វើការកើតចំនួន៦ថ្ងៃ ហើយចោទប្រកាន់ថាជាសង្ឃក្លែងក្លាយ ញុះញុងប្រជាពលរដ្ឋឱ្យបះបោរ… អាត្មាផ្ទាល់ត្រូវគេគេឃុំខ្លួន២ដងម្តងឃុំខ្លួនអស់១៩ម៉ោងនៅព្រះវិហ៊ារ ហើយម្តងទៀតអស់៣ម៉ោងនៅ ព្រះវិហ៊ារទៀតនៅផ្ទះសំណាក់‹ម្លប់ត្រសេក› ថា‹អាត្មាធ្វើចលនាកាពារព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត្តិ›…ជារួមអាជ្ញាធរមិនដែលមានសហការណ៍ល្អជាមួយអ្នកដែលកាពារព្រៃឈើ កាពារសិទ្ធិមនុស្ស កាពារលទ្ធិប្រជាធិបតេយ្យទេ…
ខ្មែរផុសស.រ.អាៈ ព្រះអង្គនិមន្តទៅគ្រប់កន្លែងអីចឹង តើវត្តព្រះអង្គគង់នៅវត្តណា?
ព្រះអង្គប៊ុនតិញ៖ តាមពិតទៅអាត្មាបានបាត់បង់សមាជិកភាពពីវត្តអារាម តាំងពីឆ្នាំ២០១៣មក អាត្មាគ្មានវត្តអ្វីទៀតទេ វត្តអាត្មាគឺមានតែព្រៃទេ ព្រៃឡង់ ព្រៃអារ៉ែង ព្រៃព្រះរការ បើនៅភ្នំពេញ នៅការិយាល័យធ្វើការបាន នៅផ្ទះញាតិញោមដែលគាត់និមន្តបាន នៅវត្តវិញ ទៅសឹងនៅវត្តណាក៏បានដែរ តែគេមិនឱ្យមានឈ្មោះជាប្រចាំនៅវត្តណាមួយបានទេ…
ខ្មែរផុសស.រ.អាៈ ចុះព្រះអង្គចូលវស្សាយ៉ាងដូម្តេចទៅ?
ព្រះអង្គប៊ុនតិញ៖ អាត្មាអត់ដែលចូលវស្សាទេ ចាប់តាំងពិឆ្នាំ២០១៣មក អាត្មាតែងយល់ថាបើធ្វើបុណ្យសម្រាប់តែបានផលបុណ្យ មិនមែនជាបំណងរបស់អាត្មាទេ ផ្ទុយទៅវិញ ក្នុងពេលនេះពលរដ្ឋខ្មែរមានទុក្ខ អាត្មាមិនអាចសំងំយកសុខតែម្នាក់ឯងបានទេ… ខ្លះថាលោកសង្ឃអីមិនចូលវស្សា បើមិនចូលវស្សាគឺត្រូវអាប័ទហើយ… អាត្មាមានពុទ្ធឱវាទ៥យ៉ាង ដែលមិនឱ្យអាត្មាដាច់អាប័ទបាន គឹ១ រស់នៅក្នុងតំបន់មានសត្វសាហាវ ២ទឹកជំនន់ ភ្លើងឆេះ ៣-ទូភឹក្ស … អាត្មាកំពុងរស់នៅក្នុងបរិយាកាសគម្រាមកំហែង ដូចលោកឧត្តមបណ្ឌិត កែម ឡី មានប្រសាសន៌ថា ‹យើងកំពុងរស់នៅ ពោរពេញដោយសត្វសាហាវ..›យោងតាងពុទ្ធោវាទនោះ នឹងស្ថានភាបរងគ្រោះរបស់ប្រទេសយើង អាត្មាឥតត្រូវអាប័ទទេ…
ខ្មែរផុសស.រ.អាៈ នៅប្រវត្តិនៃប្រទេសកម្ពុជា មានព្រះសង្ឃជាច្រើនជំនាន់ បានធ្វើសកម្មភាពដ៏ល្បីល្បាញដើម្បីប្រទេសជាតិ មានព្រះសង្ឃខ្លះធ្វើរហូតដល់ទទួលទោសនៅកោះត្រឡាចជាដើម តើព្រះអង្គជាអ្នកល្បីល្បាញបន្ទាប់មក ឬក៏នៅមានអ្នកណាផ្សេងទៀត ដែលយើងគួរតែចងចាំ?
ព្រះអង្គប៊ុនតិញ៖ មែនទែនគឺមានលំអានពីព្រះពុទ្ធអង្គឯង ជាអ្នកនិមន្តគ្រប់ទីកន្លែង ដើម្បីសង្គ្រោះមនុស្សសត្វលោក ក្នុងនាមជាបុគ្គលដែលបានត្រាស់ដឹង បន្ទាប់មកមានអ្នកតស៊ូ ដូចជា អាចារ្យស្វា ពោកំបោរ ហែមជាវ ជាដើម នេះជាជំនាន់អាណានិគម, ‹ជំនាន់សង្គ្រាមត្រជាក់›គេឃើញមាន អាចារ្យ ខៀវ ជុំ ព្រះអង្គ ប៉ាង ខាត់ សេកនាង ដល់ទស្សវត្ត៩០ មានព្រះអង្គមហាឃោសនន្តដា ជួយសង្គ្រោះប្រជាជនតំបន់់ជនភៀសខ្លួន … មកដល់ឆ្នាំ១៩៩៣ មានការបោះឆ្នោត ហើយទាំងអស់គ្នានិយាយថាធ្វើឱ្យមានសេរីភាព លទ្ធីប្រជាធិបតេយ្យ តែបែរជាមិនគោរពការសន្យារបស់ខ្លួន ជាពិសេសនៅឆ្នាំ ២០១៣ គឺដំណាក់កាលទី៣ ជំនាន់ការដុះដាលលទ្ធីប្រជាធិបតេយ្យមានការមិនគោរពលទ្ធិប្រជាធិបតេយ្យជាក់ស្តែង បណ្តាញព្រះសង្ឃឯករាជ្យបានបង្កើតឡើង ដែលមានអាត្មាដឹកនាំ ក្នុងបំណងសង្គ្រោះលទ្ធីនេះឡើងវិញ, សម្រាប់អាត្មាគឺមិនមានល្បីល្បាញអីទេ គឺគ្រាន់តែធ្វើអ្វីដែលអាត្មាពេញចិត្តនឹងធ្វើតែប៉ុណ្ណោះ…
ខ្មែរផុសស.រ.អាៈ តើព្រះអង្គបួសបានប៉ុន្មានឆ្នាំហើយ ហេតុអ្វីក៏ព្រះអង្គប្រើពេលសម្រាប់ការតស៊ូទៅវិញ ?
ព្រះអង្គ ប៊ុនតិញៈ បួស១៧ឆ្នាំហើយ,គោលបំណងអាត្មា គឺគ្មានអ្វីក្រៅពីការចូលចិត្តរបស់អាត្មាទេ, ដោយបានបួសយូរឆ្នាំដោយសារការរៀនសូត្រយល់ដឹងមើលធ្លុះពិបញ្ហារបស់សង្គម ហើយជាពិសេសដោយសារអាត្មាឃើញមានការរំលោភលើសិទ្ធិមនុស្ស ធ្វើឱ្យមនុស្សមានសិទ្ធមិនស្មើគ្នានៅចំពោះមុខច្បាប់ – អាត្មាក៏សម្រេចចិត្តធ្វើសកម្មភាពជួយសង្គ្រោះប្រទេសជាតិនេះឡើង ដូច្នេះគ្មានអ្វីក្រៅពីចំណង់ចូលចិត្តរបស់អាត្មានោះទេ…
ខ្មែរផុសស.រ.អាៈ ព្រះពុទ្ធព្រះអង្គផ្សព្វផ្សាយព្រះធម៌ តើព្រះអង្គផ្ទាល់ ចង់ផ្សព្វផ្សាយអ្វីដល់ប្រជាជន?
ព្រះអង្គ ប៊ុនតិញៈ ព្រះពុទ្ធមិនមែនផ្សព្វផ្សាយព្រះធម៌ទេ ព្រះពុទ្ធសង្គ្រោះមនុស្ស ដោយយកព្រះធម៌ជាមាគ៌ា រីឯអាត្មាចេញមកធ្វើសកម្មភាពសង្គ្រោះប្រទេសជាតិដែលកំពុងរងទុក្ខវេទនា ដោយការបំផ្លិចបំផ្លាញជាតិ ដោយការធ្វើបាបដល់ប្រជាពលរដ្ឋ តែវាខុសគ្នាត្រង់ព្រះពុទ្ធលោកជា‹បុគ្គលបានត្រាស់ដឹង›រីឯអាត្មាជា‹បថុជ្ជន›មិនអាចប្រៀបប្រដូចគ្នាបានទេ, អាត្មាគ្រាន់តែយកព្រះធម៌របស់ព្រះពុទ្ធ មកណែនាំឱ្យមនុស្សធ្វើតែប៉ុណ្ណោះ មិនអាចយកស្អីមកដោះស្រាយបានទេបើមិនយកធម៌ បើយើងចេះដឹងជ្រៅជ្រះពីព្រះធម៌ ក៏គេអាចយកព្រះធម៌ទៅធ្វើនយោបាយ គឺជាមាគ៌ាដ៏ប្រសើរបំផុត សព្វថ្ងៃភាពអន្តរាយដោយសារអ្នកនយោបាយខ្វះសីល៥នៃព្រះធម្ម
ខ្មែរផុសស.រ.អាៈតើព្រះអង្គប្រៀបធៀបកាងារឱវាតរបស់ព្រះអង្គ ទៅនឹងឱវាតរបស់លោក កឹម ឡី ដូចគ្នាឬខុសគ្នារបៀបណា?
ព្រះអង្គ ប៊ុនតិញៈ អាត្មាមិនអាចយកទៅប្រៀបធៀបឧត្តមបណ្ឌិត កឹម ឡី បានទេ ពីព្រោះលោកជាគ្រូធំ ដែលបង្ហាត់បង្ហាញគិតគូរពីកិច្ចការធំៗ រីឯអាត្មាជាគ្រូតូចណែនាំឱ្យធ្វើតែកាងារតូចៗដែលអាចធ្វើទៅបាន… អាត្មាចេះតែនាំគេឱ្យធ្វើទេ មួយអ្នកបង្រៀនឱ្យមនុស្សមានចំណេះដឹង មួយអ្នកនាំឱ្យគេធ្វើ ដូចជាចូលនាំគ្នាឱ្យទៅការពារព្រៃឈើជាដើម…
ខ្មែរផុសស.រ.អាៈក្នុងបរិបទស្រុកខ្មែរ ថ្នាក់ដឹកនាំធ្វើដំណើរខុសសីលធម៌យូរណាស់ហើយ(ប្រមាណ៣០-៤០ឆ្នាំមកហើយ) តើព្រះអង្គយល់ថា‹កម្ពុជាត្រូវការពេលយូរប៉ុណ្ណា›សម្រាប់កែរលំអ នាំការនយោបាយខ្មែរត្រឡប់មករកសីលធម៌មកវិញបាន?
ព្រះអង្គ ប៊ុនតិញៈ តាមមែនទែនទៅ មិនមានត្រូវការពេលយូទេ! ពីព្រោះអាអ្នកខិលខូច នៅក្នុងរដ្ឋាភិបាលទាំងអស់, ប្រជាពលរដ្ឋដឹងអស់ហើយ គេដឹងថារដ្ឋាភិបាលជាជនពុករលួយ រដ្ឋាភិបាលរឹបអូសយកសម្បត្តិ ដីធ្លី អ្នកដ៏ទៃ ក្រីក្រ ទន់ខ្សោយ រដ្ឋាភិបាលជាអ្នកវាយធ្វើបាប-បាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង… ហេតុនេះហើយបានជាគេចង់ឱ្យមានការផ្លាស់ប្តូរ, ឥឡូវនេះដល់ពេលហើយ!តែដូរចេញទៅ ប្រជាពលរដ្ឋគេចេះជាងអ្នកដឹកនាំទៅទៀត កូនខ្មែរជាពូជអ្នករៀនសូត្រ ត្រូវការលទ្ធិប្រជាធិបតេយ្យ ត្រូវការអភិបាលកិច្ចល្អ ត្រូវការតម្លាភាពក្នុងសង្គម, ហើយសព្វថ្ងៃដែលលំបាកហ្នឹងគឹរដ្ឋាភិបាលកំសាកហ្នឹងជាអ្នកធ្វើ ដែលបំរើអនានិគមបរទេ លក់អាភៀន កញ្ជា ពង្វក់យុវជនដែលល្អហើយ ឱ្យខូចអនាគតគ្នា ដូច្នេះដល់ពេលត្រូវប្តូរចេញហើយ ចំរើនពរ!
ខ្មែរផុសស.រ.អាៈ តើការផ្លាស់ប្តូរនឹងមានទៅកើតដែរឬទេ បើការគម្រាមកំហែងកំពុងតែកើនយ៉ាងខ្លាំងក្លាយ៉ាងនេះនោះ?
ព្រះអង្គ ប៊ុនតិញៈ ការផ្លាស់ប្តូរកំពុងតែមានមកហើយ! ឥតមានគម្រាមគេកើតទៀតទេ ដូចជាអម្បាញមិញនេះ នៅម៉ោង១រំលងអាធ្រាត មានការចល័តទ័ពអ្វីជាដើម មានប្រជាពលរដ្ឋគេក្រោកពីយប់ ទៅថតរូបបង្ហោះ ទៅឈរស្តីឱ្យរដ្ឋាភិបាល, អីចឹងដែលយើងមើលច្បាស់នោះ គឺរដ្ឋភិបាលទេដែលកំពុងតែភ័យ ខា្លចបាត់អំណាច ខ្លាចគេដឹងអំពើអាក្រក់ដែលខ្លួនកំពុងធ្វើតាំងពី៣០ឆ្នាំមកហើយនោះ ប៉ុន្តែប្រជាពលរដ្ឋគេឆ្អែតឆ្អន់ គេលែងចង់ហូបសម្លផ្អូននោះទៀតហើយ!
ខ្មែរផុសស.រ.អាៈ អ្នកដែលកំពុងប្រព្រឹត្តអំពើអាក្រក់ចំពោះជាតិ អាចនឹងរលំបន្តិចម្តង ឬ របេះទាំងដុំតែម្តង?
ព្រះអង្គ ប៊ុនតិញៈ យើងឃើញរបេះម្តងម្តុំៗទៅហើយ ទី១-គឺងាប់! ងាប់ដោយជរាពាធ ដូចជាងាប់ សាយ ភូថង, ងាប់ ជា ស៊ីម, ងាប់ ជា សុទ្ធ, ថ្មីៗនេះងាប់ មិន ឃិន, នៅមានឧបនាយករដ្ឋមន្ត្រីធំមួយទៀត ឈឺខ្លាំងងើបធ្វើការលែងកើតហើយ នេះគឺការស្លាប់ដោយមច្ចុរាជបេះម្តងមួយៗ, បើរដ្ឋាភិបាលនៅតែធ្វើមិនដឹង មិនឈប់ទេនោះ គឺប្រជាពលរដ្ឋតែម្តងជាអ្នកបេះចេញ ឱ្យទៅទាំងមូល, ហើយពួកក្រោយៗមកទៀតនេះ បើមិនប្រញាប់គេចចេញទេនោះ ប្រជាពលរដ្ឋគេនឹងបំបេះអ្នកឯងយកអំណាចចេញពីដៃទៅតែម្តង…
ខ្មែរផុសស.រ.អា៖ តើព្រះអង្គមើលឃើញលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧ នឹង ២០១៨ នឹងទៅជាយ៉ាងណា?
ព្រះអង្គ ប៊ុនតិញៈ ឈ្នះ! ឈ្នះតាំងពីចុះឈ្មោះបោះឆ្នោតពីឥឡូវនេះទៅហើយ អ្នកកាន់អំណាចដឹងថាមានប្រជាពលរដ្ឋនាំគ្នាក្រោកឈរ ដើម្បីមកទទួលជ័យជំនះ ពួកគាត់ភ័យណាស់ បានជាមានការចល័តទ័ព ចល័តកម្លាំងអីនោះ អានេះជាការត្រឹមត្រូវហើយ!
ខ្មែរផុសសរអាៈ ព្រះអង្គជាសមាជិកគណបក្សសង្គ្រោះជាតិឬក៏គ្រាន់តែជាអ្នកគាំទ្រតែប៉ុណ្ណោះទេ?
ព្រះអង្គ ប៊ុនតិញៈ អាត្មាមិនដែលធ្វើការដើម្បិគណបក្សសង្គ្រោះជាតិទេ អាត្មាធ្វើការដើម្បីសង្គ្រោះប្រទេសជាតិ, បើគណបក្សសង្គ្រោះជាតិធ្វើការបំរើជាតិបានល្អ យើងធ្វើទៅដូចគ្នាហើយស្របគ្នាតែម្តង ដូចជាអាត្មាពាក់ផ្លាកសង្គ្រោះជាតិលើថ្ងាសតែម្តង តាមពិតមិនមែនទេ, អាត្មាជាអ្នកទិទានគណបក្សសង្គ្រោះជាតិទៅវិញទេ, បើគណបក្សសង្គ្រោះជាតិគេធ្វើការបានល្អមួយហើយ បើអាត្មាធ្វើបានល្អដែរ អាហ្នឹងគេហៅថា‹តម្លៃបន្ថែម›មួយទៀត…
ខ្មែរផុសស.រ.អាៈ ខ្ញុំព្រះករុណាសូមអរព្រះគុណ នឹងថ្វាយបង្គំលា៕