ពលរដ្ឋថៃកំពុងរត់ចេញពីកម្ពុជា ទៅប្រទេសខ្លួនវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ក្រោយកងទ័ពប្រទេសទាំងពីរប៉ះទង្កិចគ្នាដោយអាវុធតាមព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
(បន្ទាយមានជ័យ)៖ តាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋថៃដែលកំពុងធ្វើការនៅទីក្រុងប៉ោយប៉ែត បាននាំគ្នាសម្រុករត់ចូលទៅប្រទេសខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បន្ទាប់ពីមានការប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពប្រទេសទាំងពីរនៅតាមព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋថៃដែលកំពុងសម្រុកចេញទៅប្រទេសខ្លួនវិញនេះ ភាគច្រើនជាអ្នកដែលបម្រើការងារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងសមត្ថកិច្ចរបស់កម្ពុជា ឈរជើងនៅទីនោះ បានជួយសម្រួលដល់ប្រជាពលរដ្ឋថៃដែលចង់ចេញទៅប្រទេសគេវិញ តែមិនអនុញ្ញាតឲ្យវិលចូលកម្ពុជាដាច់ខាត។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕