ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ១០ស្ថាប័ន ទស្សនកិច្ចវឌ្ឍនភាព នៃព្រលានយន្តហោះថ្មី ដែលត្រៀមបើកប្រតិបត្តិការនាពេលឆាប់ៗខាងមុខ

(កណ្ដាល)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអ្នកសារព័ត៌មានជាង ១០ស្ថាប័ន សរុបប្រមាណជាង៣០នាក់ ដើម្បីទស្សនកិច្ចវឌ្ឍនភាព នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី)។

ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក, ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងក្រុមការងារ និងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត។

បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ក្រៅពីពុទ្ធបដិមាសាងសង់ពីស្ពាន់ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ដែលបានដាក់តម្កល់ជាផ្លូវការ នៅថ្ងៃទី៨ ខែសីហា ក្នុងអាកាសយាន ដ្ឋាន អន្តរជាតិ តេជោនេះ នៅខាងក្រៅបរិវេណអាកាសយានដ្ឋាន ក៏មានចម្លាក់បដិមាចំនួន២០០បន្ថែមទៀតផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋាន 4F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។

តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឲ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

ព័ត៌មានទាក់ទង