អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ត្រូវបានដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៩ ខែកញ្ញានេះតទៅ។ ព្រលានយន្តហោះនេះ គឺមានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិកម្រិត 4F តម្លៃជាង ១ ៥០០ លានដុល្លារនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ បន្ទាប់ពីប្រតិបត្តិការបានជាង១ខែ អាកាសយានដ្ឋាននេះ នឹងត្រូវសម្ពោធជាផ្លូវការនូវដាក់ឱ្យដំណើរការ ក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
នេះជាការបញ្ចប់នូវដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចទទួលអ្នកដំណើរបានដល់១៣លាននាក់ក្នុងមួយឆ្នាំ។ « សម្រាប់ដំណាក់កាលទី២ យើងនឹងត្រៀមធ្វើផ្លូវរត់ឡើងនិងចុះចតរបស់យន្តហោះថ្មីមួយទៀត ស្របទៅនឹង(ផ្លូវរត់)ចាស់របស់យើងហ្នឹង ដើម្បីត្រៀមទទួលអ្នកដំណើររហូតដល់៣០លាននាក់ក្នុងមួយឆ្នាំ»។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងបែបនេះប្រាប់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា បន្ទាប់ពីចប់ដំណាក់ទី២ អាកាសស៊ីវិលនឹងសិក្សាជាមួយក្រុមហ៊ុនពីលទ្ធភាពបន្ថែមថា ឆ្នាំ២០៥០ តើកំណើនអ្នកធ្វើដំណើរចេញ-ចូលក្នុងអាកាសយានដ្ឋានអន្តរតេជោនឹងកើនដល់កម្រិតណាមួយពិតប្រាកដ ដើម្បីគួរចាប់ផ្តើមដំណាក់កាលទី៣ ឬក៏អត់?។
ក្រៅពីក្រុមហ៊ុនចិន អាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានក្រុមហ៊ុន៥ប្រទេសទៀតចូលរួមសាងសង់។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដៃគូវិនិយោគចូលរួមកសាងព្រលានយន្តហោះនេះ គឺមានក្រុមហ៊ុនមកពីប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី និងកូរ៉េខាងត្បូង។
លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់និយាយប្រាប់សារព័ត៌មានឌីជីថលថ្មីៗយ៉ាងដូច្នេះ៖ « OCIC បានចាប់ក្រុមហ៊ុនធំៗមកធ្វើការជាមួយគ្នាដើម្បីសាងសង់ព្រលានយន្តហោះមួយនេះ ដូចជា ការរចនាស្ថានីយមកដល់/ធ្វើដំណើររបស់អាកាសយានដ្ឋាន គឺធ្វើឡើងដោយក្រុមហ៊ុន Foster + Partners របស់អង់គ្លេស។ ការរចនាផ្លូវហោះហើរ និងផ្លូវតាក់ស៊ី ធ្វើឡើងដោយក្រុមហ៊ុនរបស់កាណាដា, ការគ្រប់គ្រងការងារទូទៅ និងការសាងសង់ គឺមានក្រុមហ៊ុនចិនផង ហុងកុងផង បារាំងផង ក្រុមហ៊ុនខ្មែរផង។»។
បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ក្រៅតែពីត្រួតពិនិត្យការងារគម្រោងទូទៅហើយនោះ ក៏ជួយសាងសង់ស្ថានីយ៍គ្រប់គ្រងថាមពល (Power Control) របស់យន្តហោះផងដែរ។
គួររំឭកថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៨ ក្រោម ទុនវិនិយោគ ១ ៥០០ លានដុល្លារអាម៉េរិក របស់ក្រុមហ៊ុនសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC)។ ព្រលានយន្តហោះកម្រិត 4F មានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
៩កញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃអាកាសយានដ្ឋានអន្តរជាតិតេជោម្រិត 4F នេះ បើកប្រតិបត្តិការជាផ្លូវ ក៏ជាថ្ងៃដែលអាកាសយានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបិទដំណើរការទាំងស្រុងផងដែរ។ អាកាសយានអន្តរជាតិភ្នំពេញ បានបម្រើការលើផ្នែកអាកាសចរស៊ីវិលកម្ពុជាអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជំនួសមកវិញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ។
តាមការព្យាកររបស់ក្រសួងទេសចរណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨ លាននាក់ក្នុងមួយឆ្នាំ ពីពេលនេះទៅឆ្នាំ ២០២៨។ គួរដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាអាកាសយានដ្ឋានទី៤របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ៕