ការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅឃុំថ្មដា! ក្រសួងការពារជាតិ ថាកម្ពុជាបានផ្តល់ការបកស្រាយ និងបានដោះស្រាយរួចអស់ដែរ

នៅល្ងាចថ្ងៃទី១៦ កញ្ញានេះ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការតាំងទីលំនៅរបស់ប្រជាជនកម្ពុជា ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។ សេចក្តីថ្លែងការណ៍នេះ ចេញផ្សាយបន្ទាប់ពីថ្មីៗមានគេហទំព័រផ្លូវការមួយចំនួន ក្នុងនោះមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ផង បានលើកឡើងពីបញ្ហានេះ។

តាមរយៈសេចក្តីថ្លែងការណ៍ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា ករណីនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់ តាំងពី១ ខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ តាមរយៈលិខិតឆ្លើយតប របស់យោធភូមិភាគទី៥កម្ពុជា និងបានដោះស្រាយរួចអស់ហើយដែរ។

ចំពោះបញ្ហាដែលនៅសេសសល់ដទៃទៀត ដែលមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់អង្គ ភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជា បានលើកសំណើរួច ហើយថា គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន(JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ នេះជាការពន្យល់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

ដើម្បីការអនុវត្តបទឈប់បាញ់ឱ្យបានពេញ លេញ និងប្រកបដោយប្រសិទ្ធភាព កម្ពុជា ស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពទាំងឡាយ  ដែលអាចនាំឱ្យភាពតានតឹងកើនឡើង និងការពង្រីកតំបន់ជម្លោះ តាមរយៈការអនុវត្តនូវអ្វីទាំងឡាយដែលបានព្រមព្រៀងគ្នា ទាំងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងកិច្ចប្រជុំព្រំ ដែនថ្នាក់យោធភូមិភាគ(RBC) ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។

កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃ នៅគ្រប់កម្រិត ដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍ ដល់ ប្រទេស និងប្រជាជនយើងទាំងពីរ៕

ព័ត៌មានទាក់ទង