ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និង ការចូលរួមយ៉ាង សកម្មរបស់ សមាជិក សមាជិកា នៃអង្គមហាសន្និបាតដែលបានចែករំលែកនូវទស្សនៈ មតិយោបល់ល្អៗ និងបានញ៉ាំងឱ្យពិធីនេះ សម្រេចបានដោយជោគជ័យ និង គ្រប់ជ្រុងជ្រោយ។
* ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និង ទិសដៅអនុវត្តបន្ត និង លក្ខន្តិកៈថ្មី របស់សមាគម ព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត ។ ក្នុងន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ។
* សម្តេចមានសុទិដ្ឋិនិយមថា លទ្ធផលនៃមហាសន្និបាតនេះ ក៏ដូចជាទស្សនៈដ៏មានអត្ថន័យជាច្រើនដែលបានចែករំលែកនៅថ្ងៃនេះ នឹងលើកទឹកចិត្តឱ្យ អតីតយុទ្ធជន និវត្តជន និងគ្រួសារ កាន់តែ ចូលរួមសកម្មថែមទៀត ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ នាពេលអនាគត។
* សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានផ្តល់ សេចក្តីទុកចិត្តឱ្យសម្តេចធ្វើជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាជារៀងរហូត ។ ការណ៍នេះ គឺជាការជំរុញទឹកចិត្តដល់សម្តេចឱ្យកាន់តែមានថាមពល មានឆន្ទៈខ្ពស់ ក្នុងការចូលរួមលើកស្ទួយ ជីវភាពអតីតយុទ្ធជន និវត្តជន និង គ្រួសារ ទាំងស្មារតី និង សម្ភារៈ: ក៏ដូចជាការការពារភាព សុខដុមរមនាក្នុងសង្គមកម្ពុជា ប្រកបដោយភាពជឿជាក់ និង ប្រាកដនិយម។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាព សង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខុដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន ព្រមទាំង សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមនេះ តាមរយៈការបើកផ្តល់របបសន្តិសុខសង្គមមួយខែពីរដង ការដកប្រាក់តាមប្រព័ន្ធ ATM របស់ធនាគារនៅតាមរាជធានីខេត្តទាំង ២៥ និងការដំឡើង របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជនរហូតដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០ រៀល ជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដំឡើងរបបសន្តិសុខសង្គម ប្រចាំខែជូនអតីតយុទ្ធជន(និវត្តជន ជនបាត់បង់សមត្ថភាពការងារ និង ជនពិការ) និងអតីតមន្ត្រី រាជការស៊ីវិល (និវត្តជន និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ) ដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០ រៀលក្នុងមួយខែ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និង សុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ សម្តេចសូមផ្តល់អនុសាសន៍១៥ចំណុចដូចខាងក្រោម៖
ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និង ទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល
ទី២. ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និង គ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គ្រប់គ្រងបន្ត។
ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និង គ្រួសារ ព្រមទាំងបន្តប្រមូល និង គ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និង គ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និង វែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ជួយសម្រួល និង កែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារ ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យជួយបណ្តុះបណ្តាលកូនចៅរបស់អតីតយុទ្ធជន កុំឱ្យកូនអតីតយុទ្ធជនធ្លាក់ក្នុងភាពក្រីក្រ
ទី៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង គណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូន អតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និង និវត្តជន ដែលក្រីក្រពិតប្រាកដ ។
ទី៥. សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍ ។ ខ្ញុំសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារ អតីតយុទ្ធជន និង និវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អាជ្ញាធរ ដែនដី សប្បុរសជននានា និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និង សម្ភារ: ។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និង និវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និង និវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាស សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នងក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០
ទី៦. ក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូល គម្រោងអភិវឌ្ឍអតីតយុទ្ធជន និង និវត្តជន នៅតាមថ្នាក់នីមួយៗ ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និង ជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និង លទ្ធភាពរបស់បងប្អូនជាក់ស្តែង ។
ទី៧. ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និង មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកង-យោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និង អង្គភាពនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និង បណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយ អតីតយុទ្ធជនដោយមិនគិតពីអតីតភាព ។
ទី៨. សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និង ស្ថិតស្ថេរគង់វង្ស ។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣ យ៉ាង គឺ៖ទី១). មានគោលការណ៍ និង មាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈ ចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និង ទី៣). មានហិរញ្ញវត្ថុសម្រាប់ ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន
ទី៩. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និង អនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា អនុវត្តរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួល ខុសត្រូវ ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និង របបប្រជុំ ឱ្យបាន ទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់
ទី១០. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និង ពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និង និវត្តជន ។
ទី១១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និង សហការ ល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ។ ខ្ញុំគិតថា ការណ៍ដែលក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជួយអភិវឌ្ឍសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា គឺមានន័យថា ក្រសួងបានសម្រេចភារកិច្ចលើវិស័យអតីតយុទ្ធជន និង ការងារនិវត្តជន ផងដែរ។ ការណ៍នេះ គឺជារូបភាពនៃការបង្កលក្ខណៈឱ្យមានការចូលរួមដោយផ្ទាល់របស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាការបង្កើតភាពជាដៃគូជាមួយអតីតយុទ្ធជន និង និវត្តជន ស្របតាមយុទ្ធសាស្ត្រ ភាពជាដៃគូ ដែលជាកត្តាសំខាន់មួយនៅក្នុងអភិបាលកិច្ចល្អ ។
ទី១២. នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និង គោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើតសមាគមអតីតយុទ្ធជន នៅតាមក្រសួងស្ថាប័នស៊ីវិល ហើយរដ្ឋមន្រ្តីជាប្រធានសមាគម
ទី១៣. សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និង និវត្តជនគឺ៖ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និង ទី៣). ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ ។
ទី១៤. សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និង ការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និង អំណោយ របស់សប្បុរសជននានា ដោយអនុវត្តឱ្យ បានល្អ ឱ្យមានតម្លាភាព និង គណនេយ្យភាពខ្ពស់ ។
ទី១៥. សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសមាគមអតីតយុទ្ធជន និង ចលនាអតីតយុទ្ធជននៃប្រទេស ជាមិត្តក្នុងតំបន់ និង សកលលោក ។
* សម្តេចតេជោ ហ៊ុន សែន ព្រះបរមរាជានុញ្ញាតសម្តែងនូវ កតញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែង តែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងផ្តល់ការឧបត្ថម្ភគាំទ្រចំពោះ អតីតយុទ្ធជន និវត្តជន គ្រួសារពលី ពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ។
* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និង សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និង សម្ភារៈ ថវិកា ក្នុងការរៀបចំមហាសន្និបាតរបស់សមាគមយើង នៅថ្ងៃនេះ។
* មុននឹងបញ្ចប់ សម្តេចសូមអំពាវនាវដល់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍ និង អង្គការជាតិ អន្តរជាតិ សូមចូលរួមជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និង ការជួយឧបត្ថម្ភគាំទ្រ ចំពោះអតីតយុទ្ធជន និង និវត្តជន នៅកម្ពុជា ។ ក្នុងន័យនេះ គម្រោងផ្តល់ជំនួយដល់កម្ពុជា គួរតែគិតបញ្ចូលការអភិវឌ្ឍ វិស័យអតីតយុទ្ធជន និង និវត្តជន នៅកម្ពុជា ។
* សម្តេចបានប្រកាស «បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីត យុទ្ធជនកម្ពុជាទូទាំងប្រទេស» និងបញ្ចប់សុន្ទរកថា នៅម៉ោង១១៖៤៨នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥៕ (Fresh News)