អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ២,៣០០លានដុល្លារ ជាស្ពានសាមគ្គីសហប្រតិបត្ដិការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក និងជាជន្ទល់ទ្រទ្រង់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា ការវិនិយោគសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដំណាក់កាលទី១ ចំណាយអស់ទឹកប្រាក់ប្រមាណ២,៣០០លានដុល្លារសហរដ្ឋអាមេរិក។
ការចំណាយនេះ ដោយរួមបញ្ចូលចំណាយ សាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ប្រតិបត្តិការអាកាសយានដ្ឋាន រួមមាន៖ ផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនោះទៀត លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបញ្ជាក់ថា ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្រ បំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។ អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត 4F នេះ ត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូល ដោយក្រុមហ៊ុន OCIC។
បើតាមលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ, គម្រោងនេះ ក៏មានការចូលរួម ពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា៖
* ក្រុមហ៊ុន Foster Partners ជាស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ
* ក្រុមហ៊ុនហូឡង់ NACO ដែលជាអ្នករៀបចំផែនការមេ (Master Planer)
* ក្រុមហ៊ុនកាណាដា ATKINS ដែលជា Consultant រៀបចំផែនការដើម
* ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជា Consultant រៀបចំគម្រោងនៅពេលសាងសង់
* ក្រុមហ៊ុនសិង្ហបុរី Changi ដែលជាអ្នកប្រឹក្សាលើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រ អាកាសចរ និង ORAT(Operational Readiness and Airport Transfer) * និងក្រុមហ៊ុនអង់គ្លេស RLB Quantity Surveyor។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានគូសបញ្ជាក់ថា ក្រុមហ៊ុន China State Construction Third Engineering Bureau Co., Ltd. ដែលមកពីប្រទេសចិន ជាក្រុមហ៊ុនម៉ៅការសាងសង់ស្ថានីយ៍អ្នកដំណើរ និងព្រមទាំងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
បើតាមលោកអ្នកឧកញ៉ាបណ្ឌិត, អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់បីដំណាក់កាល ដោយដំណាក់កាលទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរ បាន១៥លាននាក់ ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរ បាន៣០លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរ បាន៥០លាននាក់ ក្នុងមួយឆ្នាំ។
គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើន ចំនួនអ្នកដំណើរនៅ TIA ពី៥.៣លាននាក់ ក្នុងឆ្នាំ២០២៥ ដល់១០លាននាក់ នៅឆ្នាំ២០២៣០។
គោលដៅមួយនេះ អាចសម្រេចទៅបាន ដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ បន្ថែមទៀត ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្ដរជាតិតេជោ នឹងក្លាយជាទៅជាស្ពានសាមគ្គី សហប្រតិបត្ដិការដ៏សំខាន់តភ្ជាប់កម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។
លើសពីនោះទៀត លោកបណ្ឌិត ម៉ៅ ហាវណ្ណាល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ នឹងក្លាយជាជន្ទល់ដ៏រឹមមាំសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕