«ផ្សាររាត្រីឥណ្ឌូនេស៊ី» នឹងចាប់មានវត្តមាននៅលើផ្លូវថ្មើរជើងចតុមុខ នៅចុងខែវិច្ឆិកា

ឥណ្ឌូនេស៊ី គ្រោង​បង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើ​ផ្លូវថ្មើរជើងចតុមុខ ដែលអាចនឹងចាប់ផ្តើមរៀបចំ នៅ​ថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាខាងមុខ។ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (Santo Damosumarto) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បញ្ជាក់នូវបំណងបង្កើតផ្សាររាត្រីនេះ នៅក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

​ក្រសួងព័ត៌មាន បានសម្តីរបស់លោក សាន់តូ ផ្សាររាត្រីឥណ្ឌូនេស៊ី ដែលបញ្ជាក់បន្ថែមអំពីការរៀបចំផ្សាររាត្រីនោះយ៉ាងដូច្នេះ៖«ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី យើងនឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះ ​នឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី »។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​រំពឹងថា វត្តមានផ្សាររាត្រីឥណ្ឌូនេស៊ី អាចបង្កើនភាពសិទ្ធស្នាលបន្ថែមដល់ពលរដ្ឋកម្ពុជា និងឥណ្ឌូនេស៊ី។

សម្រាប់ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ​រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតឥណ្ឌូនេស៊ីចង់បាន គឺធ្វើវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង។  មកដល់ពេលនេះ នៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ី រហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ាន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកភាពចំពោះគម្រោងបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ីនេះ ដោយឱ្យ​ស្ថានទូតឥណ្ឌូនេស៊ី ​ជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំង​ អាចការពារសន្តិសុខ ជូនឲ្យកាន់តែល្អប្រសើរថែមទៀត។

លោក ឃួង ស្រេង ជឿថា គម្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះ នឹងធ្វើឱ្យផ្លូវថ្មើរ​ជើងចតុមុខ កាន់តែមានផលិតផលសម្បូរបែប ខណៈបច្ចុប្បន្ននៅផ្លូវ ​មានទីតាំងលក់សម្ភារៈប្រើប្រាស់ ចំណីអាហារចម្រុះជាតិសាសន៍ មានរបាំប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែល​អាចឲ្យភ្ញៀវបរទេស មកដើរលេងកម្សាន្តបានយ៉ាងសប្បាយ៕

 

ព័ត៌មានទាក់ទង