(ភ្នំពេញ)៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។
ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតផ្នែកជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។ មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
លោកអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កន្លងមកអាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ប្ដូរជូនបាន។ ប៉ុន្តែ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានរកទីតាំងសមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយនោះគឺផ្សារដើមគថ្មី ហើយបេីបងប្អូនមិនចង់ទៅផ្សារថ្មីនោះ បងប្អូនអាចរកទីតាំងឯកជនណាផ្សេងទៀតក៏បាន តែហាមដាច់ខាតមិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡេីយ។
សូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីលេីកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញយេីង។ នៅរសៀលថ្ងៃដដែល លោក ឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវក្បែរផ្សារដើមគរ ក្នុងខណ្ឌទួលគោក បន្តទៀតដែរ៕


