ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាកងនាវាចម្បាំងមួយក្រុមរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ អ៉ីរ៉ង់
(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានឱ្យដឹងថាកងនាវាចម្បាំងមួយក្រុមរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ អ៉ីរ៉ង់ ប៉ុន្តែសង្ឃឹមថាលោកនឹងមិនមានភាពចាំបាច់ប្រើប្រាស់នាវាចម្បាំងទាំងនោះទេ ខណៈបានបញ្ជូនសារព្រមានជាថ្មីកុំឱ្យទីក្រុងតេហរ៉ង់កាប់សម្លាប់បាតុករ ឬចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម Reuters ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីល ជាច្រើនគ្រឿងនឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅប៉ុន្មានថ្ងៃខាងមុខ។ ក្នុងនោះដែរមន្ត្រីអាមេរិកម្នាក់បានឱ្យដឹងទៀតផងថាប្រព័ន្ធការពារដែនអាកាសបន្ថែមក៏នឹងត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាច នឹងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ប្រឆាំងនឹងការវាយប្រហារណាមួយរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វ៊ីស លោក ត្រាំ បានលើកឡើងថា «យើងមាននាវាចម្បាំងជាច្រើនគ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅនោះ (ឆ្ពោះទៅកាន់អ៉ីរ៉ង់)…ខ្ញុំសង្ឃឹមថានឹងមិនមានរឿងអ្វីកើតឡើង តែយើងកំពុងឃ្លាំមើលពួកគេ (អ៉ីរ៉ង់) មិនដាក់ភ្នែក»។
គួរបញ្ជាក់ថា បើតាម Reuters កងនាវាចម្បាំងអាមេរិកខាងលើបានរំកិលខ្លួនធ្វើដំណើរចាកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កើនឡើងខ្លាំង ក្រោយ ការកងកម្លាំងសន្តិសុខអ៉ីរ៉ង់បង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ប្រឆាំងអ៉ីរ៉ង់។ តែបាតុកម្មតវ៉ាបានថមថយចុះកាលពីសប្ដាហ៍មុន រីឯលោក ត្រាំ ក៏បានថយមួយជំហានពីវោហាសាស្ត្រគំរាមប្រើកម្លាំងយោធាដែរ ដោយអះអាងថាលោកបានបញ្ឈប់ការប្រហារជីវិតបាតុករនៅអ៉ីរ៉ង់៕


