អ៊ីរ៉ង់៖ វត្តមានកងនាវារបស់ត្រាំ «មិនធ្វើឲ្យយើងខ្លាចឡើយ»

ទីក្រុងតេហេរ៉ង់បានចេញមុខតបតយ៉ាងខ្លាំងក្លាចំពោះយុទ្ធសាស្ត្រ «ដាក់សម្ពាធជាអតិបរមា» របស់ទីក្រុងវ៉ាស៊ីនតោន ដោយរដ្ឋមន្ត្រីការបរទេស Abbas Araghchi បានប្រកាសថា ការបង្កើនកម្លាំងយោធាដ៏ធំសម្បើមរបស់អាមេរិកនៅមជ្ឈិមបូព៌ា «មិនបានធ្វើឲ្យយើងខ្លាចសោះឡើយ»។

តាមការផ្សាយរបស់ Hindustan Times ថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Araghchi បានច្រានចោលការមកដល់នៃនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់ ដែលជាផ្នែកមួយនៃអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ហៅថា «កងនាវាចម្បាំង (armada)» ដោយលោកចាត់ទុកថាវាជាការប៉ុនប៉ងគំរាមកំហែងដែលគ្មានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា អំណាចរបស់អ៊ីរ៉ង់ស្ថិតនៅលើសមត្ថភាពក្នុងការឈរប្រឈមមុខនឹង «ការសម្លុត» ហើយការគំរាមកំហែងសង្រ្គាមនឹងមិនអាចបង្ខំឲ្យប្រទេសលោកបោះបង់កម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលជាបញ្ហាអធិបតេយ្យភាពជាតិនោះទេ។

ទោះបីជាមានវត្តមានយោធាយ៉ាងច្រើនក៏ដោយ ការផ្គើនរបស់លោក Araghchi បានបង្ហាញពីភាពរកាំរកូសកាន់តែខ្លាំងនៅក្នុងការចរចានុយក្លេអ៊ែរដែលទើបនឹងបើកឡើងវិញនៅប្រទេសអូម៉ង់។ អ៊ីរ៉ង់ចង់ឲ្យអាមេរិកលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានចោទសួរពីភាពស្មោះត្រង់របស់អាមេរិកចំពោះកិច្ចការការទូត ក្នុងពេលដែលអាមេរិកកំពុងពង្រីកទណ្ឌកម្ម និងដាក់ពង្រាយនាវាចម្បាំង។ លោក Araghchi បានលើកឡើងថា «គ្មាននរណាម្នាក់មានសិទ្ធិមកបង្គាប់បញ្ជាលើទង្វើរបស់យើងបានឡើយ» ដោយលោកបន្ថែមថា «គ្រាប់បែកបរមាណូ» ពិតប្រាកដរបស់អ៊ីរ៉ង់ គឺជាឆន្ទៈនយោបាយក្នុងការនិយាយថា «ទេ» ចំពោះមហាអំណាច។ ខណៈដែលភាពតានតឹងកំពុងកើនឡើង ទីក្រុងតេហេរ៉ង់នៅតែបន្តសម្របសម្រួលយុទ្ធសាស្ត្ររបស់ខ្លួនជាមួយសម្ព័ន្ធមិត្តសំខាន់ៗគឺរុស្ស៊ី និងចិន ដែលជាសញ្ញាបង្ហាញថា ខ្លួនបានត្រៀមរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នាជាជាងការបង្ខំឲ្យធ្វើសម្បទានតាមការទាមទាររបស់អាមេរិក៕

ព័ត៌មានទាក់ទង