គ្រោះរញ្ជួយដីកម្រិត ៣.២រ៉ិចទ័រ វាយប្រហារលើខេត្ត Surat Thani ប្រទេសថៃ

(Surat Thani)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ​ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៣.២រ៉ិចទ័របានវាយប្រហារលើស្រុក Ban Ta Khun ស្ថិតនៅភាគខាងត្បូង នៃប្រទេស ជាផ្នែកមួយនៃការរំញ័រជាចង្កោមដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។

មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះរញ្ជួយដី នៃនាយកដ្ឋានធនធានរ៉ែ បានរាយការណ៍នៅម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈថាគ្រោះរញ្ជួយដីចំនួន៩ ក្នុងកម្រិតរំញ័រចន្លោះពី១.៩ ដល់៣.២រ៉ិចទ័រ បានកើតឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងស្រុក Ban Ta Khun ខេត្ត Surat Thani។

គ្រោះរញ្ជួយដីមានកម្រិតរំញ័រ ៣.២រ៉ិចទ័រ បានវាយប្រហារក្នុងជម្រៅ ២គីឡូម៉ែត្រទៅក្នុងដី នៅម៉ោង ២៖០៧នាទីរំលងអាធ្រាត្រ ថ្ងៃទី១២ ខែកុម្ភៈ។ តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាត នោះទេ៕

ព័ត៌មានទាក់ទង