កូរ៉េខាងជើង គោរពការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ចោទអាមេរិក និងអ៉ីស្រាអែលបំផ្លាញសន្តិភាពមជ្ឈិមបូព៌ា
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងគោរពការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ខណៈចោទប្រកាន់ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងព្យុងយ៉ាងកន្លងមក បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ ថាជាទង្វើឈ្លានពានខុសច្បាប់។ ដោយផ្គើនទៅនឹងបំណងរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ដែលចង់ឱ្យសហរដ្ឋអាមេរិកមានតួនាទីជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ អ៉ីរ៉ង់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានតែងតាំងលោក Mojtaba Khamenei ឱ្យឡើងកាន់តំណែងជំនួសលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក Mojtaba Khamenei គឺជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei។
ជុំវិញការតែងតាំងមេដឹកនាំអ៉ីរ៉ង់ផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាកូរ៉េខាងជើងគោរពតាមការសម្រេចចិត្តរបស់អ៉ីរ៉ង់។ «យើងគោរពសិទ្ធិ និងជម្រើសរបស់ប្រជាជនអ៉ីរ៉ង់ក្នុងការជ្រើសតាំងមេដឹកនាំកំពូលរបស់ពួកគេ»។ នេះជាការគូសបញ្ជាក់របស់ KCNA ដោយថែមទាំងបន្ថែមទៀតផងថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់ ព្រមទាំងសន្តិសុខជាមូលដ្ឋាន និងបង្កើនអស្ថិរភាពពិភពលោក។
គួរបញ្ជាក់ថា KCNA តាមរយៈការស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានចោទប្រកាន់ផងដែរថាទីក្រុងវ៉ាស៊ីនតោន និងអ៉ីស្រាអែលបានបំពានប្រព័ន្ធនយោបាយ និងបូរណភាពទឹកដីរបស់អ៉ីរ៉ង់ ជាមួយការព្យាយាមផ្ដួលរលំប្រព័ន្ធសង្គមរបស់អ៉ីរ៉ង់ ហើយថាសកម្មភាពបែបនេះសមនឹងទទួលបាន ការរិះគន់ និងច្រានចោលដោយសារតែជាទង្វើមិនអាចទទួលយកបាន៕


