(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងត្រៀមខ្លួនបញ្ជូនក្រុមអវកាសយានិក ឆ្ពោះទៅកាន់ឋានព្រះចន្ទសាជាថ្មី ដែលជាលើកដំបូងបង្អស់ ក្នុងរយៈពេល៥៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។
អវកាសយានិកអាមេរិក៣នាក់ រួមជាមួយអវកាសយានិកកាណាដាម្នាក់ នឹងត្រូវចេញដំណើរពីផ្ទៃផែនដី តាមរយៈយានអវកាស Orion និងរ៉ុក្កែត SLS នៅថ្ងៃពុធសប្តាហ៍នេះ សម្រាប់បេសកកម្មសាកល្បងរយៈពេល១០ថ្ងៃ ទៅហោះក្រឡឹងជុំវិញឋានព្រះចន្ទ ហើយត្រឡប់មកវិញ ខណៈវាជាការធ្វើដំណើរជ្រៅបំផុតចូលទៅក្នុងលំហអវកាសសម្រាប់មនុស្ស គិតមកទល់ពេលនេះ។
គួរបញ្ជាក់ថា បេសកកម្មខាងលើ ដែលហៅថា Artemis 2 គឺជាបេសកកម្មធ្វើតេស្តបញ្ជូនមនុស្សលើកដំបូង នៅក្នុងកម្មវិធី Artemis របស់ NASA។ ចាប់តាំងពីបេសកកម្ម Apollo 17 កាលពីឆ្នាំ១៩៧២ គឺមិនធ្លាប់មានមនុស្សទៅជាន់លើផ្ទៃព្រះចន្ទទៀតឡើយ ដែលជាគោលដៅមួយ NASA គ្រោងសម្រេចឱ្យបានសាជាថ្មី ក្នុងឆ្នាំ២០២៨ តាមរយៈបេសកកម្ម Artemis 4 នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់លើពិភពលោក ដែលបាននាំមនុស្សទៅដល់លើផ្ទៃព្រះចន្ទ ក្នុងបេសកកម្មសរុបចំនួន៦ នៃកម្មវិធី Apollo អំឡុងការរត់ប្រណាំងវិស័យអវកាស ជាមួយអតីតសហភាពសូវៀត (រុស្ស៉ី)៕



