កម្លាំងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនសង្ស័យចំនួន ២២នាក់ និងដកហូតថ្នាំញៀនសារធាតុផ្សំជាង ២០០គីឡូក្រាម
(ខេត្តព្រះសីហនុ)៖ កម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែងនៅសណ្ឋាគារស៊ីជី ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងចាប់ខ្លួនជនសង្សយ័ជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរ សរុប ២២នាក់ ហើយដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។
សូមជម្រាបថាៈ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនដ៏ធំមួយនេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
សូមបញ្ជាក់ថាៈបើយោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹង ដែលបណ្តាញព័ត៌មានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំង អ.ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវិរៈសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ក្នុងនោះកម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន ១៨នាក់ ជនជាតិវៀតណាម ចំនួន ១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន ៣នាក់ (ស្រី១នាក់)។
តាមរបាយការណ៍បានបន្តទៀតថា ក្រោយចាប់ជនសង្ស័យទាំង ២២នាក់ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀន សារធាតុផ្សំ និងវត្ថុតាងជាច្រើនទៀត រួមមាន៖
១-ហេរ៉ូអ៉ីន (HEROINE) ចំនួន ១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ចំនួន ៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ចំនួន ៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ចំនួន ១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ចំនួន ៥៧គីឡូ ទម្ងន់ ៨២៤.៩១ក្រាម
៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។
២/ រថយន្តចំនួន ០៦គ្រឿង
៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)
៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)
៥/ ម៉ូតូចំនួន ០៤គ្រឿង
៦/ ទូរស័ព្ទចំនួន ៣៣គ្រឿង
៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)
៨/ បណ្ណការងារចំនួន ១៤បណ្ណ(ចិន)
៩/ បណ្ណបើកបរចំនួន ០៣បណ្ណ
១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់
១១/ ជញ្ជីង ចំនួន ៣៨គ្រឿង
១២/ ឧបករណ៍ផលិត, សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន ។
សម្រាប់ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។



