អគ្គីភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញផ្ទះឈើលើទឹករបស់ប្រជាជនម៉ាឡេស៊ីប្រហែល ១០០០ ខ្នង ចំណែកមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមអាជ្ញាធរម៉ាឡេស៊ី
នៅព្រឹកថ្ងៃអាទិត្យទី១៩ មេសា អគ្គីភ័យមួយបានឆាបឆេះឡើងនៅក្នុងភូមិលើទឹក មួយក្នុងស្រុក Sandakan ភាគឦសាននៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលមានប្រជាជនក្រីក្របំផុត រួមទាំងសហគមន៍ជនជាតិដើមភាគតិច កំពុងរស់នៅក្នុងផ្ទះឈើ ដែលមានមនុស្សរស់នៅយ៉ាងណែន។
លោក George Abd Rakman អធិការប៉ូលីស Sandakan ត្រូវបានដកស្រង់សម្តីដោយកាសែត The Star បានឱ្យដឹងថា ឧប្បត្តិហេតុទ្រង់ទ្រាយធំ និងគួរឱ្យសោកសៅមួយនេះ បានប៉ះពាល់ដល់ប្រជាជន ចំនួន ៩០០៧ នាក់។
នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Sabah បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១:៣០ ព្រឹក ហើយបានដាក់ពង្រាយបុគ្គលិកចំនួន ៣៧ នាក់មកពីស្ថានីយ៍ពីរដើម្បីពន្លត់អគ្គីភ័យ។
នាយកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងទៀតថា “អគ្គីភ័យនេះបានផ្ទះបណ្តែតទឹកប្រមាណ ១០០០ ខ្នង ដែលមានផ្ទៃដីសរុប ១០ ហិកតា ពោលគឺឆាបឆេះអស់ ១០០% ដោយសារផ្លូវចូលតូចចង្អៀត ធ្វើឱ្យរថយន្តពន្លត់អគ្គីភ័យមិនឲ្យទៅដល់កន្លែងកើតហេតុ ស្របពេលខ្យល់បក់ខ្លាំង បានជំរុញឲ្យអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងផងដែរ។ បើតាមនាយកដ្ឋានពន្លត់អគ្គីភ័យ គ្មានអ្នករងរបួស ឬស្លាប់ត្រូវបានរាយការណ៍ទេ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលសហព័ន្ធកំពុងសម្របសម្រួលជាមួយអាជ្ញាធរ Sabah ដើម្បីផ្តល់ជំនួយ និងកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់អ្នកដែលរងផលប៉ះពាល់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Anwar បានរបង្ហោះលើហ្វេសប៊ុកថា “អាទិភាពឥឡូវនេះគឺសុវត្ថិភាពរបស់ជនរងគ្រោះ និងជំនួយភ្លាមៗនៅនឹងកន្លែង”៕



