Detail Top Banner – Conway

ចិន អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ សម្រាប់នាវាឆ្លងកាត់ធម្មតា

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឲ្យរក្សាការឆ្លងកាត់ជាធម្មតារបស់នាវា តាមរយៈច្រកសមុទ្រ Hormuz ស្របពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ។

ការអំពាវនាវរបស់លោក Xi កើតឡើងក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃ ចន្ទ ជាមួយរជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

សារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីរបស់លោក Xi ដែលបានលើកឡើងថា ប្រទេសចិនគាំទ្រឲ្យមានបទឈប់បាញ់បន្ទាន់ និងទូលំទូលាយ ហើយជំរុញឲ្យដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ា តាមរយៈបណ្តាញនយោបាយ និងការទូត ។

ទន្ទឹមគ្នា ប្រធានាធិបតីចិនមានវ័យ៧៣ឆ្នាំរូបនេះ បានប្រាប់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ថា ច្រកសមុទ្រ Hormuz គួរនៅតែបើកចំហ សម្រាប់ការឆ្លងកាត់ធម្មតា ពីព្រោះវាបម្រើផលប្រយោជន៍រួម ទាំងសម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ។

បើតាម Straits Times, ប្រទេសចិនមានក្ដីបារម្ភ អំពីអស្ថិរភាពថ្មី ពាក់ព័ន្ធនឹងផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតនៅក្រោមភាពតានតឹងថ្មី ក្រោយអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយទីក្រុងតេហេរ៉ង់បានបង្ហាញសញ្ញាថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីសម្រាប់ពេលនេះទេ ។

ម្យ៉ាងវិញទៀត ចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់ ។ ហើយអ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រនេះ ចំពោះនាវាផ្សេងទៀត ក្រៅពីនាវារបស់ចិន ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាម កាលពីខែកុម្ភៈ ហើយទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវវិធានការបិទខ្ទប់នាវាអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ៕

ប្រភព ៖ Straits Times

ព័ត៌មានទាក់ទង