(យូអិន)៖ អ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (UN) ថ្កោលទោសសកម្មភាពរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីរ៉ង់ដោយសហរដ្ឋអាមេរិក ជាសកម្មភាពដែលតេហេរ៉ង់ចាត់ទុកថាជាទង្វើចោរសមុទ្រ និងបំពានលើបទឈប់បាញ់រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រកាសថាកងទ័ពជើងទឹកអាមេរិកបានបើកការបាញ់ប្រហារ និងបានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងដោតទង់ជាតិអ៉ីរ៉ង់ ឈ្មោះថា Touska នៅក្នុងតំបន់សមុទ្រអូម៉ង់។ តាមលោក ត្រាំ កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៉ីរ៉ង់ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ជុំវិញការរឹបអូសកប៉ាល់នេះដែរ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN និងប្រមុខ UN ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានលើកឡើងថាការរឹបអូសកប៉ាល់អ៉ីរ៉ង់ដោយសហរដ្ឋអាមេរិកគឺជាទង្វើចោរសមុទ្រ ដែលគំរាមកំហែងធ្ងន់ធ្ងន់ដល់សុវត្ថិភាព និងសន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក។
មិនតែប៉ុណ្ណោះទង្វើនេះក៏បានបំពានលើបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ និងត្រូវបានចាត់ទុកជាសកម្មភាពឈ្លានពាននៅក្រោមមាត្រានៃធម្មនុញ្ញ UN។ នេះបើតាមលោក Iravani។
លោក Iravani ក៏បានជំរុញផងដែរឱ្យ UN ថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការរឹបអូសកប៉ាល់អ៉ីរ៉ង់ និងបានទាមទារឱ្យដោះលែងកប៉ាក់នេះវិញ។ លោក ត្រាំ បានអះអាងថាកប៉ាល់ Touska ត្រូវបានរឹបអូស ដោយសារតែកប៉ាល់នេះមិនស្ដាប់តាមការព្រមានឱ្យឈប់ពីកងទ័ពជើងទឹកអាមេរិក៕



