Detail Top Banner – Conway

បណ្ដាប្រទេស ដែលមានច្បាប់កាតព្វកិច្ចយោធាយូរជាងគេ នៅលើពិភពលោក

នៅក្នុងយុគសម័យបច្ចុប្បន្ន ខណៈពេលដែលប្រទេសជាច្រើន បានប្ដូរទៅប្រើប្រាស់ប្រព័ន្ធកងទ័ពស្ម័គ្រចិត្ត ប្រទេសជិត៩០ នៅតែបន្តរក្សាច្បាប់កាតព្វកិច្ចយោធា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ យោងតាមទិន្នន័យស្រាវជ្រាវពីស្ថាប័នស្ថិតិសកល Statista និងគេហទំព័រព័ត៌មានអន្តរជាតិ Tempo រយៈពេលនៃការបំពេញកាតព្វកិច្ចនេះ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែមានប្រទេសមួយចំនួន ដែលលេចធ្លោជាងគេ ដោយសារតែច្បាប់ដ៏តឹងរ៉ឹង និងរយៈពេលវែងអន្លាយ។

ឈរនៅកំពូលតារាងគ្មានគូប្រៀបគឺកូរ៉េខាងជើង ដែលជាប្រទេសអនុវត្តច្បាប់កាតព្វកិច្ចយោធាយូរជាងគេបំផុតនៅលើពិភពលោក។ យុវជនកូរ៉េខាងជើង ដែលមានកាយសម្បទារឹងមាំទាំងអស់ ត្រូវតម្រូវឱ្យចូលបម្រើកងទ័ព ក្នុងរយៈពេលរហូតដល់ ១០ឆ្នាំ សម្រាប់បុរស និងប្រហែល ៧ឆ្នាំ សម្រាប់ស្ត្រី ភ្លាមៗបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ។

ក្រៅពីកូរ៉េខាងជើង អ៊ីស្រាអែល ក៏ជាប្រទេសមួយ ដែលមានប្រព័ន្ធកេណ្ឌទ័ពដ៏មានឥទ្ធិពល និងតឹងរ៉ឹងបំផុតផងដែរ ដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ ច្បាប់របស់អ៊ីស្រាអែល តម្រូវឱ្យបុរសត្រូវបម្រើការងារ ក្នុងកងកម្លាំងការពារជាតិរយៈពេល៣២ខែ (ជិត៣ឆ្នាំ) ចំណែកឯស្ត្រីត្រូវបំពេញកាតព្វកិច្ចរយៈពេល ២៤ខែ ដោយគ្មានការលើកលែងឡើយ លុះត្រាតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ស្រដៀងគ្នានេះដែរ ប្រទេសអេហ្ស៊ីប តម្រូវឱ្យបុរសដែលមានអាយុចន្លោះពី១៨ ដល់៣០ឆ្នាំ ត្រូវចូលរួមក្នុងជួរទ័ពក្នុងរយៈពេលរហូតដល់ ៣៦ខែ។

ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលតាមផ្លូវច្បាប់នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយកូរ៉េខាងជើង ក៏មានច្បាប់កាតព្វកិច្ចយោធាដ៏ម៉ឺងម៉ាត់ផងដែរ។ បុរសកូរ៉េខាងត្បូងទាំងអស់ ត្រូវបម្រើកងទ័ពពី១៨ ទៅ២១ខែ ហើយសង្គមកូរ៉េខាងត្បូងមានទស្សនៈតឹងរ៉ឹងខ្លាំងចំពោះរឿងនេះ ដោយអ្នកដែលព្យាយាមគេចវេះ នឹងត្រូវរងការរើសអើងយ៉ាងធ្ងន់ធ្ងរ។ ចំណែកនៅក្នុងតំបន់អាស៊ានវិញ មានប្រទេសចំនួន៥ ដែលបាននិងកំពុងអនុវត្តច្បាប់នេះ រួមមាន ប្រទេសថៃ វៀតណាម សិង្ហបុរី ឡាវ និងមីយ៉ាន់ម៉ា ដែលជាទូទៅមានរយៈពេលបំពេញកាតព្វកិច្ចប្រហែល ២ឆ្នាំ។

ច្បាប់កាតព្វកិច្ចយោធារបស់ប្រទេសនីមួយៗ មិនត្រឹមតែជាឧបករណ៍សម្រាប់ពង្រឹងកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងសម្ពាធសន្តិសុខ ដែលប្រទេសទាំងនោះកំពុងប្រឈមមុខរៀងៗខ្លួនផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner