Detail Top Banner – Conway

សមត្ថកិច្ចខេត្តកែប បើកការស្រាវជ្រាវចុះបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនបរទេស៨នាក់

ទីតាំងលួចលបប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងកែប ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននរគបាលខេត្តកែប ធើ្វការស្រាវជ្រាវឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិបរទេស៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និង រកឃើញសម្ភារពាក់ព័ន្ធមួយចំនួន។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍, ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែន ដែលមានការចូលរួម ពីអាជ្ញាធរក្រុង សង្កាត់ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងរង្វង់កិច្ចប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និងដកហូតសម្ភារ:វត្ថុតាងរួមមាន: កុំព្យូទ័រលើតុ ៥គ្រឿង និងទូរសព្ទ ៣គ្រឿង រួមទាំងសម្ភារៈជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនទៀត។

គួររំលឹក  លោក សោម ពិសិដ្ឋ អភិបាលខេត្ត តែងតែក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តកែប ជាម្ចាស់ផ្ទះជួល រីស៊ត ផ្ទះសំណាក់ និងសណ្ឋាគារ ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ របស់ជនបរទេស ដែលមានបំណងជួលសំរាប់ស្នាក់នៅ និងត្រូវរាយការណ៍មកអាជ្ញារធរដែលគ្រប់គ្រងនៅក្នុងឃុំ សង្កាត់ នៃទីតាំងអាគាររបស់បងប្អូន និងហាមឃាត់ជាដាច់ខាតពាក់ព័ន្ធទៅនិង (Scam online )។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដែលពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តកែប៕

ព័ត៌មានទាក់ទង
×
Popup Banner