Detail Top Banner – Conway

ចិន​ ប្រតិកម្ម​លើក​ដំបូង​​ ក្រោយ ជប៉ុន ​បញ្ជូន​មន្ត្រី​ទៅ​ធ្វើការ​​​លើ​បញ្ហាសន្តិសុខ​ជាមួយ​ណាតូ​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ថា ចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ប្រទេសជប៉ុន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយអង្គការណាតូ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian 

ការលើកឡើងរបស់លោក Lin គឺដើម្បីឆ្លើយតបទៅនឹងសំណួរជុំវិញការប្រកាសរបស់ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនមន្ត្រីនៃកងកម្លាំងស្វ័យការពារខ្លួនចំនួន ៤ រូប ទៅកាន់ទីបញ្ជាការដ្ឋានផ្តល់ជំនួយសន្តិសុខ និងការបណ្តុះបណ្តាលរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន នៅក្នុងប្រទេសអាល្លឺម៉ង់ជាលើកដំបូង។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Lin បានគូសបញ្ជាក់ថា ជប៉ុនបាននិងកំពុងបន្តធ្វើការកែទម្រង់យោធាឡើងវិញយ៉ាងពេញទំហឹង ដោយបានធ្វើប្រាស្រ័យទាក់ទងគ្នាយ៉ាងញឹកញាប់ជាមួយអង្គការយោធាមកពីខាងក្រៅតំបន់ ព្រមទាំងបានពង្រីកវិសាលភាពនៃសកម្មភាពរបស់កងកម្លាំងស្វ័យការពារខ្លួន (SDF) និងកំពុងបង្កើតប្រព័ន្ធប្រតិបត្តិការត្រៀមប្រយុទ្ធថែមទៀតផង។

លោក Lin បានបញ្ជាក់ថា «នេះជាការប៉ុនប៉ងរបស់ជប៉ុនក្នុងការរំដោះខ្លួនចេញពីការរឹតត្បិតនៃរដ្ឋធម្មនុញ្ញ ច្បាប់ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងគោលការណ៍ «ការពារខ្លួនសុទ្ធសាធ» របស់ខ្លួន ដែលនេះកំពុងតែប្រឈមមុខដាក់គ្នាជាមួយនឹងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសម័យសង្គ្រាមលោក» ដោយលោកបានបន្ថែមថា ជប៉ុនតែងតែបង្ហាញខ្លួនឯងថាជា «ប្រទេសស្រឡាញ់សន្តិភាព» ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ខ្លួន គឺដើរក្នុងទិសដៅផ្ទុយស្រឡះ។

ដោយកត់សម្គាល់ឃើញថា ការលេចឡើងនូវលទ្ធិយោធានិយមថ្មីប្រកបដោយគ្រោះថ្នាក់នៅក្នុងប្រទេសជប៉ុន កំពុងតែបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ លោក Lin ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការឆ្លើយតបតវិញឲ្យបានម៉ឺងម៉ាត់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ណាតូបាននិងកំពុងព្យាយាមបង្កើនទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ចំណាត់ការនេះត្រូវបានប្រទេសចិនចាត់ទុកយ៉ាងម៉ឺងម៉ាត់ថា ជាការប៉ុនប៉ងបង្កើត «អង្គការណាតូកំណែទម្រង់អាស៊ី» ដើម្បីឡោមព័ទ្ធ និងទប់ស្កាត់ការរីកចម្រើនផ្នែកយោធារបស់ចិននៅក្នុងតំបន់៕

ព័ត៌មានទាក់ទង
×
Popup Banner