Detail Top Banner – Conway

ករណីចាប់ជំរិតទារប្រាក់ និងសម្លាប់ជនរងគ្រោះ២នាក់ជាភេទទី៣ នៅខណ្ឌច្បារអំពៅ, កម្លាំងនគរបាលតាមចាប់ជនល្មើស៤នាក់ (ចិន២នាក់)

(ភ្នំពេញ)៖ ជនល្មើស៤នាក់ មានជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងអំពើឃាតកម្មគិតទុកជាមុន កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមជនល្មើសបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៣០នាទី។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលការងារព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍របស់នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ភេទទី៣) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា
*ទី២៖ ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស (ភេទទី៣) អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយឡែកជនល្មើសចំនួន៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
*ទី២៖ ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ WONG YENLONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
*ទី៤៖ ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។

ក្រោយការឃាត់ខ្លួន, ជនល្មើសទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើ មកប្រគល់ឲ្យជនជាតិភូមា ៤នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងនគរបាល បានរកឃើញសាកសពជនរងគ្រោះទាំង២នាក់ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ និងកសាងសំណុំរឿងតាមនិតិវិធី៕

ព័ត៌មានទាក់ទង
×
Popup Banner