Detail Top Banner – Conway

កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៣៨ ជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងជាឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឧត្តមមន្ត្រី និងតំណាងពីប្រទេសសមាជិកអាស៊ាន សហរដ្ឋអាម៉េរិក និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាម៉េរិក (២០២១-២០២៥) ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាម៉េរិក កំណត់វិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត​ និងផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការវិវត្តក្នុងតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរក៏បានទន្ទឹងរង់ចាំការអបអរខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៧ ផងដែរ។

ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ និងលើកកម្ពស់ភាពជាដៃគូឱ្យឈានទៅកម្រិតខ្ពស់ថ្មីមួយទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ៕

ព័ត៌មានទាក់ទង
×
Popup Banner