Detail Top Banner – Conway

​អ៊ីរ៉ង់​ ​លែង​ញញើតសង្គ្រាម​​​ ដោយ​ប្រកាស​​ ​វាយ​ប្រហារ​អ៊ីស្រាអែលភ្លាមៗ បើហ៊ានតែ​ប៉ះពាល់រដ្ឋធានីបេរូត​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខ​ព្រមាន​​​អ៊ីស្រាអែល​ កាលពីថ្ងៃទី៣ ខែមិថុនា ថា រាល់ការវាយប្រហារណាមួយមកលើទីក្រុងបេរូត ដែលជាដ្ឋធានីរបស់លីបង់ នឹងធ្វើឲ្យ «សង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងវិញពេញទំហឹង» ចំពេលដែលអ៊ីស្រាអែលកំពុងតែជំរុញ​យុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅ​លីបង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi 

ភាគី​អ៊ីរ៉ង់ បានទទូចដដែលៗថា រាល់កិច្ចព្រមព្រៀងទាំងឡាយដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅមជ្ឈិមបូព៌ា លើ​ក្រុម​ហេសបូឡា ដែលសម្ព័ន្ធមិត្តរបស់ខ្លួន ​ដោយ​អ៊ីស្រាអែល​ចាប់ផ្តើម​វាយប្រហារ​កាលពីថ្ងៃទី ២ ខែមីនា គឺ​ត្រូវតែបញ្ឈប់ការ​ប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់​ ដូចគ្នា​​។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានស្រង់សម្តី លោក Araghchi ដែលបានថ្លែងប្រាប់ទូរទស្សន៍ Al Mayadeen របស់លីបង់ ថា «វាសនានៃសង្គ្រាមរវាងអ៊ីរ៉ង់ ជាមួយពួកហ្ស៊ី​យ៉ូនិស្ត (Zionist) ​ដែល​សំដៅ​លើ​អ៊ីស្រាអែល និង អាមេរិក គឺមិ​អាច​កាត់ផ្តាច់ចេញពីវាសនានៃសមរភូមិនៅក្នុងប្រទេសលីបង់បានឡើយ ហើយសមរភូមិទាំងពីរនេះបានផ្សារភ្ជាប់គ្នាចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ»។

លោកបានបន្តទៀតថា «រាល់ការវាយប្រហារលើទីក្រុងបេរូត នឹងនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ហើយនឹងរុញច្រានឲ្យមានការផ្ទុះសង្គ្រាមឡើងវិញពេញទំហឹង»។ ជាក់ស្ដែង កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីស្រាអែល ប្រសិនបើហ៊ានប៉ះពាល់ទីក្រុងបេរូតតែបន្តិច។

លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ដើម្បីឲ្យសង្គ្រាមនៅលីបង់អាចបញ្ចប់ទៅបាន កងទ័ពអ៊ីស្រាអែលត្រូវតែដកខ្លួនចេញពីប្រទេសនេះជាដាច់ខាត ។ លោកបានប្រាប់ស្ថានីយទូរទស្សន៍លីបង់ ដែលគាំទ្រក្រុមហេសបូឡាថា ការបញ្ចប់សង្គ្រាមនៅលីបង់ ក៏មានន័យថាជាការបញ្ចប់ការទន្ទ្រានកាន់កាប់ផងដែរ ពោលគឺការបញ្ចប់សង្គ្រាម ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការដកកងកម្លាំងរបស់របបស៊ីយ៉ូនិស្ត ចេញពីតំបន់ដែលពួកគេបានចូលកាន់កាប់ ។

ការលើកឡើងរបស់លោកបានធ្វើឡើងចំពេលដែលក្រុមអ្នកការទូតអ៊ីស្រាអែល និងលីបង់ ត្រូវបន្តធ្វើការចរចាដោយផ្ទាល់ជាថ្ងៃទីពីរនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការចរចាជុំទីបួន ចាប់តាំងពីការប្រយុទ្ធគ្នានៅលីបង់បានផ្ទុះឡើង នៅពេលដែលក្រុមហេសបូឡាបានបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល ដើម្បីជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហេសបូឡាបានបង្ហាញជំហរប្រឆាំងយ៉ាងខ្លាំងចំពោះការចរចាដោយផ្ទាល់នេះ។ នៅក្នុងការថ្លែងមុនពេលកិច្ចពិភាក្សាចាប់ផ្តើម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍អាមេរិក CNBC ថា លោកនិងលោក ត្រាំ មានគោលដៅរួមគ្នាតែមួយ គឺ ការរំសាយអាវុធក្រុមហេសបូឡា និង ការធ្វើឲ្យប្រទេសលីបង់គ្មានវត្តមានកងទ័ពប្រដាប់អាវុធ៕

ព័ត៌មានទាក់ទង
×
Popup Banner