កងទ័ពអាមេរិក បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលត្រូវបានបង្ហោះសំដៅទៅកាន់ច្រកសមុទ្រ Hormuz។

ចុះផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន BBC បានឱ្យដឹងថា បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (Centcom) បានបញ្ជាក់ថា ដ្រូនអត្តឃាតទាំងនោះ បានបង្កការគំរាមកំហែងភ្លាមៗ ដល់ការធ្វើដំណើររបស់កប៉ាល់ដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងតំបន់។ ភ្លាមៗនោះ ដើម្បីការពារកុំឱ្យមានការវាយប្រហារបន្ថែមទៀត កងទ័ពអាមេរិក បានបើកការវាយប្រហារតបតវិញ ចំគោលដៅស្ថានីយរ៉ាដាស៊ើបការណ៍មាត់សមុទ្ររបស់អ៊ីរ៉ង់ ស្ថិតនៅតំបន់ Goruk និងនៅលើកោះ Qeshm ខណៈដែលខាងភាគីអ៊ីរ៉ង់ មិនទាន់មានការឆ្លើយតបជាសាធារណៈណាមួយ ជុំវិញរឿងនេះនៅឡើយទេ។
ការប៉ះទង្គិចគ្នាយ៉ាងហិង្សានេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក ដែលធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ ជិតរលាយសាបសូន្យ។ កាលពីថ្ងៃពុធកន្លងទៅនេះ មានមនុស្សម្នាក់បានបាត់បង់ជីវិត និងជាង ៦០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ទៅលើព្រលានយន្តហោះអន្តរជាតិនៃប្រទេសកូវ៉ែត។ ទោះបីជាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញមុខបដិសេធ ដោយទម្លាក់កំហុសថា ការខូចខាតនេះ បណ្តាលមកពីការខុសបច្ចេកវិទ្យានៃមីស៊ីលការពារអាកាសរបស់អាមេរិកក៏ដោយ ក៏ខាងអាមេរិកបានច្រានចោលការលើកឡើងនេះ ហើយអះអាងថា អ៊ីរ៉ង់ពិតជាបានវាយប្រហារលើព្រលានយន្តហោះនោះដោយចេតនា និងគ្មានហេតុផលត្រឹមត្រូវឡើយ។
មុនពេលមានព្រឹត្តិការណ៍នេះកើតឡើង ខាងកងទ័ពអ៊ីរ៉ង់ ក៏បាននិយាយដែរថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីសងសឹកនឹងការដែលអាមេរិកបានវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ និងលើកោះ Qeshm កាលពីពេលមុន។ ជម្លោះដ៏ស្រួចស្រាវទាំងនេះ បានធ្វើឱ្យកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវគាំងដំណើរការទៅមុខលែងរួច។
សង្រ្គាមដ៏ធំមួយនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ នៅពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ីរ៉ង់ ដែលបង្កជាភ្លើងសង្រ្គាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា។ ជាការឆ្លើយតប កាលណោះ អ៊ីរ៉ង់ បានវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ព្រមទាំងបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០% របស់ពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងកប់ពពក។ ទោះបីជាមានការព្រមព្រៀងឈប់បាញ់គ្នា កាលពីដើមខែមេសាក៏ដោយ ក៏អាមេរិកបានដាក់រនាំងបិទផ្លូវសមុទ្រមិនឱ្យកប៉ាល់ចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ឡើយ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា វិធានការណ៍បិទខ្ទប់នេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត រហូតទាល់តែកិច្ចព្រមព្រៀងជាផ្លូវការមួយ ត្រូវបានចុះហត្ថលេខា និងទទួលស្គាល់ពេញលេញពីភាគីទាំងសងខាង៕


