Detail Top Banner – Conway

​​ដ្រូន​ផ្ទុះ​​​លើក​ទី២​នៅ​​រូម៉ានី​ ធ្វើ​ឲ្យ​អឺរ៉ុប​​​យល់ថា ភាគខាងកើត​ទ្វីប​​​អឺរ៉ុប​កាន់តែ​រងការ​គំរាមកំហែង

ប្រធាន​គណៈ​កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បង្ហាញ​សាមគ្គីភាព​នៅ​​ជាមួយ​ប្រទេស​រូម៉ានី​ដែល​ជា​សមាជិក​ណាតូ បន្ទាប់​ពីដ្រូន​មួយ​គ្រឿង​​បាញ់​ចូល​ក្នុង​កំពង់ផែ Constanța ​បង្ក​ឱ្យ​ផ្ទុះ​ នៅ​​ភាគខាងកើត​ប្រទេស​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ មួយ​សប្តាហ៍​ បន្ទាប់ពីដ្រូន​របស់​រុស្ស៊ី​មួយគ្រឿង​​​វាយ​ប្រហារ​​អគារ​​​លំនៅឋាន​ក្នុងទីក្រុង​ Galați នៃប្រទេសរូម៉ា​នី​។ ​យោង​តាម​សារព័ត៌មាន Euro News។

លោក​ស្រី der Leyen បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ X ថា៖ « ហេតុការណ៍នេះ​គឺជាផលវិបាក​ដោយ​ផ្ទាល់នៃ​សង្គ្រាមរបស់​រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហេតុការណ៍​មួយ​នេះ​កំពុងក្លាយ​ជាការគំរាមកំហែង​ដោយផ្ទាល់​ដល់ប្រទេសនានា​ នៅ​តាមព្រំដែនភាគខាងកើត​របស់​យើង​[អឺរ៉ុប​ខាងកើត​​​]»។

ប្រធាន​គណៈ​កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen 

លោក​ស្រី ​បន្ថែម​ថា៖ « ការ​សាមគ្គីភាព​របស់យើង​ ដាច់​ខាត​គឺ​នៅ​​ជាមួយរដ្ឋសមាជិក​ទាំង​អស់​ដែល​ប្រឈមនឹងការគំរាមកំហែង​ ហើយ​ការឆ្លើយតបរបស់​យើងត្រូវតែសមមាត្រគ្នា​នឹង​ភាពបន្ទាន់»។

ក្រសួង​ការពារ​ជាតិ រូម៉ានីនិយាយថា៖ « ដ្រូន​នៅ​តាម​បណ្តោយ​សមុទ្រ​មិន​មែនជាផ្នែក​ណាមួយ​នៃ​ឧបករណ៍យោធា​របស់​កងទ័ពរូម៉ានីទេ ហើយ​ក៏មិនបានចូលរួម​ក្នុងសមយុទ្ធថ្មីៗ​ ក្នុងតំបន់សមុទ្រខ្មៅ​ដែរ​។ វា​បាន​ផ្ទុះដោយខ្លួនឯង​ នៅម៉ោង ១០:៣០នាទី​ តែ​មិនបណ្តាលឱ្យ​មាន​អ្នករងរបួសទេ​»​។

ដោយ​ឡែក លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានបង្ហាញ​​ការ​​សាមគ្គី​ភាពពេញលេញសម្រាប់ប្រទេស​នៅ​ផ្នែកខាងកើត​នៃ​ទ្វីប​អឺរ៉ុប ​ដែលជា​តំបន់មួយរងការរង្គោះរង្គើដោយ​ការឈ្លានពានរបស់ដ្រូន​ថ្មីៗនេះ។ លោកសរសេរ​បណ្តាញ​សង្គម​លើ X ថា៖ « សហភាពអឺរ៉ុប​ថ្កោល​ទោសលើ​ការរំលោភបំពាន​ម្តងហើយម្តងទៀត​ ក្នុង​ដែនអាកាសរបស់រដ្ឋ​ជាសមាជិក និងបញ្ជាក់ជាថ្មីនូវការ​ប្តេជ្ញាចិត្តដ៏រឹងមាំយើង​ ចំពោះ​សន្តិ​សុខ​របស់រដ្ឋជាសមាជិកទាំងអស់»។

មិន​ខុស​គ្នា​ប៉ុន្មាន​ លោកស្រី Kaja Kallas តំណាង​ជាន់ខ្ពស់សហភាពអឺរ៉ុប​ទទួលបន្ទុកគោល​នយោបាយការបរទេសនិងសន្តិសុខ គាំទ្រលើ​ការ​សាម​គ្គី​ភាព​។

លោកស្រី Kallas សរសេរ​លើ​បណ្តាញ​សង្គម​ X ថា៖ « ការទទួលខុស​ត្រូវចុងក្រោយ ចំ​ពោះអ្វីដែល​បានកើតឡើង​គឺស្ថិតលើប្រទេសរុស្ស៊ី។ ដូចដែល លោក​ ហ្សេលេនស្គី​ ប្រាប់​ លោក ពូទីន នៅ​ក្នុងលិខិតចំហ​មួយកាលពីម្សិលមិញថា ទីក្រុង​មូស្គូអាចបញ្ឈប់​សង្គ្រាមនេះ​បាន​គ្រប់ពេល​។ សប្តាហ៍ក្រោយ រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប​នឹង​ពិភាក្សា​អំពី​របៀប​បង្កើនការគាំទ្រ​បន្ថែម​ទៀត​ ចំពោះអ៊ុយក្រែន និងបង្កើនការ​ត្រៀមខ្លួន​ការពារជាតិរបស់​សហភាពអឺរ៉ុប»៕

ព័ត៌មានទាក់ទង
×
Popup Banner