Detail Top Banner – Conway

ហ្សេលេនស្គី ទុកពេល ១សប្តាហ៍ឲ្យបេឡារុស ធ្វើតាមការទាមទាររបស់ខ្លួន បើមិនធ្វើ អ៊ុយក្រែន នឹងវាយប្រហារ

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបោះពាក្យធ្ងន់ៗ និងពោរពេញដោយការគំរាមកំហែងទៅប្រទេសបេឡារុសថា លោកទុកពេល ១សប្តាហ៍ ឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូមួយនេះ ដកចេញនូវឧបករណ៍ផ្តល់ជំនួយដល់ដ្រូនរុស្ស៊ី និងរាដាអាកាស នៅព្រំដែន, បើមិនព្រមធ្វើតាមទេនោះ ទីក្រុងកៀវ នឹងចាត់វិធានការក្តៅហើយ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី

ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកហ្សេលេនស្គី បានប្រកាសពីឱសានវាទនេះ ហើយចោទប្រកាន់ចំៗថា បេឡារុស កំពុងចូលដៃជួយរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ហោះមកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន និងថែមទាំងគំរាមថា ទីក្រុងកៀវ នឹងកំណត់គោលដៅកម្ទេចឧបករណ៍ ទាំងនោះ បើមិនព្រមរុះរើចេញទេ។

តាមសម្តីលោក ហ្សេលេនស្គី, បេឡារុស កំពុងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍បញ្ជូនសញ្ញាបន្ត នៅលើអង់តែនទូរគមនាគមន៍នានា ខ្វាត់ខ្វែងពាសពេញខេត្តចំនួនពីរ ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់ឧបករណ៍ទាំងនេះយ៉ាងសកម្ម ដើម្បីតម្រង់ទិសដៅ និងកែតម្រូវការបាញ់អាវុធ ដោយដៅចំជាពិសេសលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ដោយសំដៅទៅ ប្រធានាធិបតីបេឡារុស Alexander Lukashenko, លោក ហ្សេឡេនស្គី ថ្លែងយ៉ាងច្បាស់ថា៖ «ខ្ញុំគិតថា មួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ សម្រាប់គាត់ក្នុងការធ្វើកិច្ចការនោះ។ ប្រសិនបើគាត់មិនធ្វើវាទេ យើងនឹងធ្វើវា»។

ប្រធានាធិបតីបេឡារុស Alexander Lukashenko

ប្រទេសបេឡារូស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ដែលតែងផ្តល់ការគាំទ្រយ៉ាងសំខាន់ ផ្នែកភស្តុភារ ទឹកដី និងយោធា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមីនស្កិ៍ អនុញ្ញាតឲ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ការចល័តទ័ព និងបើកការវាយលុក ចូលទៅភាគខាងជើងអ៊ុយក្រែន។

មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រនៅបេឡារូស ក៏ត្រូវបានប្រើប្រាស់ សម្រាប់សង្គ្រោះ និងព្យាបាលទាហានរុស្ស៊ី ដែលរងរបួសពីសមរភូមិ ផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner