Detail Top Banner – Conway

ស្ថានការណ៍ធូរស្រាលច្រើន! UN ចាប់ផ្តើម ជម្លៀសនាវិក រាប់ម៉ឺននាក់ ចេញពីច្រក Hormuz

ដោយសារតែស្ថានការណ៍សង្គ្រាមមជ្ឈិមបូព៌ា ធូរស្រាលច្រើន អំណោយផលដល់ការជួយសង្គ្រោះនៅច្រកសមុទ្រ Hormuz ហើយនោះ! ពេលនេះ អង្គការសហប្រជាជាតិ (UN) ចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំ ជម្លៀសនាវិក រាប់ម៉ឺននាក់ ដែលជាប់នៅផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ពេលការប្រយុទ្ធគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ឡើងដល់ចំណុចកំពូល។

ច្រក Hormuz 

សារព័ត៌មាន Al Jazeera បានដកស្រង់សេចក្តីប្រកាសរបស់ អង្គការសមុទ្រអន្តរជាតិ (IMO) ដែលបញ្ជាក់នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា បេសកកម្មទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក និងរដ្ឋឆ្នេរសមុទ្រផ្សេងទៀតទាំងអស់នៅក្នុងតំបន់ ដើម្បីជម្លៀសនាវិក ជាង ១១ ០០០នាក់ ដែលកំពុងជាប់នៅច្រក Hormuz។

ជុំវិញរឿងនេះ អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បានថ្លែងថា៖ «យើងទទួលបានការធានាសុវត្ថិភាព ដែលចាំបាច់រួចរាល់ហើយ ព្រមទាំងបានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ នូវលក្ខខណ្ឌនានា សម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីគាំទ្រដល់ប្រតិបត្តិការទាំងនេះ»។

លោក Arsenio Dominguez 

សូមជម្រាបថា នាវិកទាំងអស់ ត្រូវជាប់នៅលើកប៉ាល់ពាណិជ្ជកម្ម និងនាវាដឹកប្រេងរាប់រយគ្រឿង អស់រយៈពេលជាច្រើនខែមកហើយ ដោយសារអ៊ីរ៉ង់ បិទច្រកសមុទ្រយុទ្ធសាស្ត្រនេះ តាំងពីខែកុម្ភៈមកម្ល៉េះ ក្រោយផ្ទុះសង្គ្រាម។

យោងតាមការណែនាំពីប្រទេសអូម៉ង់ គេនឹងប្រើប្រាស់ផ្លូវបណ្តោះអាសន្នចំនួនពីរ ដើម្បីនាំផ្លូវនាវា និងនាវិកទាំងនោះ ចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព។

ទោះបីជាផែនការជម្លៀសកំពុងដំណើរការក៏ដោយ ស្ថានភាពសន្តិសុខរយៈពេលវែង នៅតែមានភាពមិនច្បាស់លាស់ ដោយសារភាគីអាមេរិក និងអ៊ីរ៉ង់ បន្តខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួន ដូចជា ការគិតថ្លៃសេវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះជាដើម៕

ព័ត៌មានទាក់ទង
×
Popup Banner