តុលាការឃុំខ្លួនជនជាតិវៀតណាមដែលប្រព្រឹត្ត Scam Online នៅទឹកដីក្រុងសំពៅពូន ដាក់ពន្ធនាគារចំនួន ២១នាក់រួមទាំងម្ចាស់ទីតាំងផងដែរ
(កណ្ដាល)៖ ចៅក្រមស៊ើបសួរលោក យិន សារឿន បានសម្រេចឃុំខ្លួនជនជាតិវៀតណាមទាំង២១នាក់ រួមនឹងម្ចាស់ផ្ទះផងដែរ ដែលបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងទឹកដីក្រុងសំពៅពូន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន ដឹកនាំលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន១ទីតាំង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ក្រៅពីការឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ (ស្រី២នាក់) កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង កុំព្យូទ័រលើតុចំនួន ៤៨គ្រឿង, កុំព្យូទ័រយួរដៃ(Laptop) ០៣គ្រឿង និងទូរស័ព្ទដៃចំនួន ០៩គ្រឿង។
ការណ៍សំងាត់ដែលឈានដល់ការបង្ក្រាបនេះ គឺលេចចេញពីក្មេងម្នាក់ដែលបានរាយការណ៍ផ្ទាល់ទៅកាន់លោកអភិបាលខេត្ត ហើយក្មេងនោះ ទទួលបានរង្វាន់ ២លានរៀលពីលោកអភិបាលខេត្ត ។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយចុះធ្វើរដ្ឋបាលចំហរជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ។
បន្ថែមពីនេះលោកអភិបាលខេត្តកណ្ដាល តែងតែបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬបានដឹងថាមានទីតាំងណាលួចលាក់ប្រព្រឹត្ត Online Scams សូមរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានវិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់នៅកម្ពុជា។
ប្រជាពលរដ្ឋដែលបានរាយការណ៍ អាជ្ញាធរនិងរក្សាការសម្ងាត់ ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្ត ប្រសិនបើការរាយការណ៍ឈានទៅដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕



