កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីលួចកាត់ខ្សែភ្លើងសូឡា (Solar) នៅក្នុងរោងចក្រ «បាត់ដំបងខនស៍ ស៊ីមេន» ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការស្ដីទី បន្ទាប់ពីទទួលពាក្យបណ្តឹងពីតំណាងក្រុមហ៊ុន កម្លាំងសមត្ថបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ព្រឿម វិត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃអំពរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល វត្ថុតាងដកហូត៖ ខ្សែភ្លើងសូឡាចំនួន ៧,០៦០ម៉ែត្រ, ពិល ១, រណាអាដែក ១, កាំបិតខ្វែវ ១ និងការ៉ុង ៣។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានលួចចូលកាត់ខ្សែភ្លើងក្នុងរោងចក្រខាងលើចំនួន ៣លើក មកហើយ ចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ផែនជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯខ្សែភ្លើងសូឡាដែលដកហូតបាន សមត្ថកិច្ចបានប្រគល់ជូនតំណាងក្រុមហ៊ុនវិញហើយ៕




