សហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងបន្តអនុវត្តការបិទខ្ទប់ផ្លូវសមុទ្រទៅលើប្រទេសអ៊ីរ៉ង់ ដោយគ្មានកាលកំណត់ ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើក្រុងតេហេរ៉ង់។

តាមសារព័ត៌មាន REUTERS ចុះផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ត្រូវបរាជ័យ ក៏ដូចជាការធ្លាក់ចុះនូវការផ្គត់ផ្គង់ប្រេងឥន្ធនៈពិភពលោក និងការកើនឡើងនៃកម្ដៅយោធាក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍អំឡុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសប៉ាណាម៉ាថា កងទ័ពជើងទឹកអាមេរិកមានសមត្ថភាពគ្របដណ្តប់ និងផ្លាស់ប្តូរនាវាចម្បាំងចូលរួមក្នុងប្រតិបត្តិការនេះជាប្រចាំ ដើម្បីបន្តសម្ពាធលើភាគីអ៊ីរ៉ង់។
ស្ថានការណ៍កាន់តែមានភាពប្រឈមខ្លាំងនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលប្រេង និងឧស្ម័នធម្មជាតិរាវដ៏សំខាន់ជិតមួយភាគប្រាំនៃពិភពលោក។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នាវាពីរគ្រឿងរបស់ក្រុមហ៊ុនប្រេងរដ្ឋអាប៊ូដាប៊ី (ADNOC) នៃអារ៉ាប់រួម ត្រូវបានរងការវាយប្រហារអំឡុងពេលបើកបរឆ្លងកាត់ច្រកសមុទ្រនេះ ដែលរដ្ឋាភិបាលអារ៉ាប់រួមបានចេញមុខថ្កោលទោសថាជាស្នាដៃរបស់អ៊ីរ៉ង់។ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អាមេរិកមាន «ការគ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រនេះ ភាគីអ៊ីរ៉ង់បានបដិសេធតាមបណ្តាញសង្គម X ដោយបញ្ជាក់ថា ច្រកសមុទ្រនេះនឹងមិនបើកទូលាយឡើយ លុះត្រាតែអាមេរិករំលាយទណ្ឌកម្មសេដ្ឋកិច្ច និងឈប់បង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ជាមុនសិន។
បន្ថែមលើបញ្ហាសន្តិសុខ វិបត្តិនេះក៏កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងធ្លាក់ចុះប្រមាណ ៤,៣លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៤% នៅក្នុងឆ្នាំនេះ។ ទន្ទឹមនោះ សម្ពាធនយោបាយក្នុងស្រុកក៏កំពុងកើនឡើងលើលោក ត្រាំ ផងដែរ ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចអាចជះឥទ្ធិពលដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ៕


