Detail Top Banner – Conway

គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៉ី

(ហ្សាការតា)៖ នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ៧,៧រ៉ិចទ័រ បានវាយប្រហារចំក្បែរកោះ Flores នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី ដែលជាហេតុបណ្តាលឱ្យមានមនុស្សមួយចំនួនបាត់បង់ជីវិត ហើយអគារមួយចំនួនក៏បានរងការខូចខាតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចំណុចរំញ័រនៃរញ្ជួយដីខាងលើ បានកើតឡើងនៅកៀកនឹងភាគខាងជើងនៃឆ្នេរកោះ Flores ចម្ងាយប្រហែល៦៨គីឡូ​ម៉ែត្រពីភាគពាយព្យនៃក្រុង Ende ជាមួយជម្រៅប្រមាណ​១០គីឡូម៉ែត្រ។ ក្រោយរញ្ជួយដីដំបូងនោះ ក៏មានរំញ័រ aftershock ២ធំៗថែមទៀត គឺ៥,៦រ៉ិចទ័រ និង៥,៩រ៉ិចទ័រ កើតឡើង នៅតំបន់ដដែល។ ភ្លាមៗអាជ្ញាធរឥណ្ឌូណេស៉ី បានប្រកាសអាសន្នពីរលកស៊ូណាមិ និងទទូចឱ្យជម្លៀសមនុស្សទ្រង់ទ្រាយធំនៅតាមតំបន់ឆ្នេរនៃកោះ Flores ទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានសម្រេចបិទបញ្ចប់ការព្រមាននោះវិញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មនុស្សយ៉ាងហោច២នាក់ បានបាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដីខាងលើ ខណៈតួលេខផ្លូវការចុងក្រោយនៃជនរងគ្រោះ ក៏ដូចជាទំហំនៃការខូចខាត នឹងត្រូវប្រកាសបន្ទាប់ពីផ្ទៀងផ្ទាត់ទិន្នន័យច្បាស់លាស់៕

 

 

ព័ត៌មានទាក់ទង
×
Popup Banner