Detail Top Banner – Conway

ត្រាំ ប្រកាសកាត់បន្ថយការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ហើយបែរជាទៅសរសើរ គីម ជុងអ៊ុន

លោក​ ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលទៀតហើយ ដោយប្រកាសកាត់បន្ថយការធ្វើសមយុទ្ធរួមគ្នា ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធកូរ៉េខាងត្បូង ហើយបែរជាទៅសរសើរមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅវិញ។

លោក គីម ជុងអ៊ុន ចាប់ដៃជាមួយលោក ដូណាល់ ត្រាំ 

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ការប្រកាសកាត់បន្ថយសមយុទ្ធនេះ គឺដោយសារតែលោកត្រាំ ខឹងចិត្តចំពោះទីក្រុងសេអ៊ូល ដែលអត់ជួយអាមេរិក ច្បាំងសង្គ្រាមជាមួយអ៊ីរ៉ង់ និងមិនអើពើចំពោះយុទ្ធនាការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social នាថ្ងៃអាទិត្យ ប្រមុខសេតវិមានសរសេរថា លោកមិនសប្បាយចិត្តទេ ដែលទីក្រុងវ៉ាស៊ីនតោន យល់ព្រមចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ ដែលត្រូវចាប់ផ្តើមនៅថ្ងៃចន្ទ។ លំហាត់យោធាទាំងនេះ មិនត្រឹមតែចំណាយថវិកាលើសលប់ ភាគច្រើនអាមេរិកជាអ្នកចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ញើសារមួយដែលមិនសមរម្យទាំងស្រុង និងបង្ហាញពីភាពជាសត្រូវទៀតផង។

សមយុទ្ធ Ulchi Freedom Shield 

លោកប្រាប់ថា កាលពីពេលថ្មីៗ លោកបានសួរប្រធានាធិបតីកូរ៉េខាងត្បូងថា តើចង់ចូលរួមជាមួយអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ តែបែរជាទទួលចម្លើយថា អត់ទេ! អរគុណ។

ទន្ទឹមនោះ លោកត្រាំងាកទៅសរសើរ កូរ៉េខាងជើង ដែលមិនបានបង្កការគំរាមកំហែងទាល់តែសោះ និងមានការគោរពណាស់ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរបស់លោក។ យ៉ាងណា បើចង់លុបចោលសមយុទ្ធនេះទាំងស្រុងក៏ហួសពេលដែរ ដូច្នេះលោកណែនាំដល់រដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ឲ្យ កាត់បន្ថយ សមយុទ្ធទាំងនោះជាអតិបរមា។

សមយុទ្ធ Ulchi Freedom Shield 

សេចក្តីប្រកាសរបស់លោកត្រាំ កើតឡើងមុនពេល សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ Ulchi Freedom Shield ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា។

សមយុទ្ធនេះ មានកងទ័ពកូរ៉េខាងត្បូងប្រហែល ១៨,០០០ នាក់ចូលរួម រួមជាមួយកងទ័ពអាមេរិក និង យោធាមកពីបណ្តាប្រទេសជាសមាជិក នៃបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដែលផ្តោតលើការឆ្លើយតប នឹងការគំរាមកំហែងសម័យទំនើប រួមមានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ការរំខានប្រព័ន្ធ GPS និងការវាយប្រហារតាមអ៊ិនធើណិត៕

ព័ត៌មានទាក់ទង
×
Popup Banner