ព្រឹទ្ធសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យអាមេរិក ទទួលបន្ទុកកិច្ចការយោធា កាលពីថ្ងៃទី១៧ ខែសីហា បានរិះគន់ខ្លាំងៗចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ដែលបញ្ជាឲ្យកាត់បន្ថយកម្រិតសំហាត់សមយុទ្ធយោធាជាមួយប្រទេសសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ថា ជាទង្វើ «ដ៏ឆ្កួតលីលា» និង «ធ្វើឡើងតាមតែទំនើងចិត្ត»។

យោងតាមសារព័ត៌មាន AFP, លោក ត្រាំ បានប្រកាសថា លោកបានបញ្ជាឲ្យក្រសួងការពារជាតិ បន្ថយទំហំនៃការធ្វើលំហាត់សមយុទ្ធយោធាដែលលោកចាត់ទុកថា មិនសមស្រប និងមានលក្ខណៈអរិភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសមយុទ្ធនេះត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ ខែសីហា ដោយបានលើកឡើងពីទំនាក់ទំនងល្អរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
នៅក្នុងការបង្ហោះកាលពីថ្ងៃអាទិត្យនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ ក៏បានលើកឡើងអំពីការបដិសេធរបស់កូរ៉េខាងត្បូង ក្នុងការចូលរួមជាមួយអាមេរិក ជុំវិញបញ្ហាការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
លោក Jack Reed សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការសេវាកម្មកងទ័ពនៃព្រឹទ្ធសភា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅ និងគ្មានសណ្តាប់ធ្នាប់មួយផ្សេងទៀត ដោយប្រធានាធិបតី ត្រាំ និងរដ្ឋបាលដ៏ច្របូកច្របល់របស់លោក។
លោក Reed បានបន្តថា «នៅពេលដែល ត្រាំ កាត់បន្ថយសមយុទ្ធយោធាដើម្បីបញ្ជោរមេដឹកនាំផ្តាច់ការ ឬដាក់ទណ្ឌកម្មកូរ៉េខាងត្បូងដោយសារតែការបដិសេធមិនចូលរួមក្នុងសង្គ្រាមដែលលោកជាអ្នកចាប់ផ្តើម នោះសម្ព័ន្ធមិត្ត និងសត្រូវទាំងអស់របស់យើង នឹងគិតថាការប្តេជ្ញាចិត្តរបស់អាមេរិក គឺជាសម្របសម្រួលផ្លាស់ប្តូរបាន»។
លោកបានហៅការសម្រេចចិត្តនេះថាជា «ជ័យជម្នះខាងផ្នែកឃោសនា» សម្រាប់លោក គីម ជុងអ៊ុន ហើយវាជាការដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ដោយគ្មានហេតុផលអ្វីក្រៅពីអត្តនោម័ត (ចរិតចង់ចាញ់ឈ្នះ) របស់លោក ត្រាំ នោះឡើយ។ ជាក់ស្ដែង សូម្បីតែ ចិន និងរុស្ស៊ី ក៏កំពុងតាមដានមើលថា តើប្រធានាធិបតីរូបនេះបោះបង់ចោលសម្ព័ន្ធមិត្តរបស់អាមេរិកដោយងាយស្រួលកម្រិតណា ហើយពួកគេនឹងចងចាំវាទុកនៅពេលក្រោយដែលពួកគេល្បងមើលយើង។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានរួមគ្នាធ្វើសមយុទ្ធយោធាជាទៀងទាត់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ ដើម្បីជាការទប់ស្កាត់ប្រឆាំងនឹងអ្វីដែលលោក Reed ហៅថា ជាការឈ្លានពានរបស់កូរ៉េខាងជើង និងដើម្បីបង្ហាញពីកម្លាំងទៅកាន់សត្រូវសក្តានុពលផ្សេងទៀត។
លោកលើកឡើងថា ការបង្ហោះរបស់ ត្រាំ គឺផ្ទុយស្រឡះពីការព្រមាននាពេលថ្មីៗនេះរបស់អនុមេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងជើងអាមេរិក គឺលោកឧត្តមសេនីយ៍ទោ Joseph Jarrard ដែលថា ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការសាកល្បងហោះហើរមីស៊ីលឆ្លងទ្វីប (ICBM) ដែលមាន កម្លាំងរុញច្រានគ្រប់គ្រាន់ក្នុងការដឹកក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ទីកន្លែងណាមួយក្នុងតំបន់អាមេរិកខាងជើង។
យ៉ាងណា រហូតមកទល់ពេលនេះ កូរ៉េខាងជើងមិនទាន់មានការឆ្លើយតបណាមួយចំពោះបទបញ្ជារបស់លោក ត្រាំ នៅឡើយទេ បើទោះបីជាកន្លងមក ខ្លួនធ្លាប់បានបង្ហាញការខឹងសម្បារជាខ្លាំង ចំពោះសមយុទ្ធរួមគ្នាជាប្រចាំ ដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ។
គួរជម្រាបថា សមយុទ្ធនេះបានចាប់ផ្តើមធ្វើឡើង ខណៈដែលសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីបូព៌ា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពអាវុធរបស់កូរ៉េខាងជើង ព្រមទាំងការបង្កើនសម្ព័ន្ធភាពកាន់តែស្អិតល្មួតរបស់ប្រទេសនេះជាមួយរុស្ស៊ី ក៏ដូចជាចិន ដែលជាអ្នកគាំទ្រតាំងពីយូរយារណាស់មកហើយ ៕


