Detail Top Banner – Conway

ឆ្មក់បង្ក្រាបទីតាំងឆបោកតាមOnline Scams ឃាត់ខ្លួនជនជាតិចិន១១នាក់ ដកហូតទូរស័ព្ទដៃនិងកុំព្យូទ័រជាច្រើនគ្រឿង

ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតក្នុងសង្កាត់វាលស្បូវ ត្រូវបានអាជ្ញាធរចុះបង្ក្រាបបានជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ១១នាក់ រួមទាំងដកហូតសម្ភារប្រើប្រាស់ជាច្រើនគ្រឿង។

ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១៥០ បុរីដើមត្នោត ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្នែកនីតិវិធីពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃការចុះឆែកឆេរទីតាំងខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ (CPU) ចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន ៦០គ្រឿង ដែលជាឧបករណ៍ប្រើប្រាស់សម្រាប់សកម្មភាពល្មើស។ ផ្អែកតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរ ក្រុមជនសង្ស័យទាំងនេះបានលួចលាក់ប្រើប្រាស់ទឹកដីនៃប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយប្រើប្រាស់ល្បិចកលរៀបចំរូបភាពអូសទាញ និងបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលរួមវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner